
ស្មាតហ្វូន Samsung Galaxy A01 Core នៅពេលនេះបានទទួលការអនុម័តពីគណៈកម្មការសោតទស្សន៍ និងទូរគមនាគមន៍ជាតិថៃឡង់ដ៍ (NBTC) បន្ទាប់ពីស្មាតហ្វូននេះបានបង្ហាញខ្លួនដំបូងកាលពីចុងខែមិថុនា ឆ្នាំ២០២០ នៅលើបញ្ជី Google Play Console និងការទទួលបានវិញ្ញាបនបត្រ Bluetooth SIG ផងដែរ។
គណៈកម្មការសោតទស្សន៍ និងទូរគមនាគមន៍ជាតិថៃឡង់ដ៍មិនបង្ហាញច្រើនអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy A01 Core នោះទេ គ្រាន់តែបញ្ជាក់ថា វាមានស៊ីមពីរសម្រាប់ការប្រើប្រាស់។ នៅក្នុងរបាយការណ៍មុនៗគេបានទម្លាយថា ស្មាតហ្វូន Galaxy A01 Core បំពាក់ដោយអេក្រង់ទំហំ ៥,១៤អ៊ីញ ប្រភេទ PLS TFT កម្រិតពណ៌ 16M កម្រិតបង្ហាញ 720 x 1480 ភីកសែល សមាមាត្រដង់ស៊ីតេ 18.5:9 Ratio (~320 ppi Density) ហើយថាស្មាតហ្វូននេះប្រតិបត្តិការដោយប្រព័ន្ធ Android 10 (កំណែGo edition) បំពាក់ឈីប Mediatek MT6739WW (28 nm) ស៊ីភីយូ Quad-core 1.5 GHz Cortex-A53 និងជីភីយូ PowerVR GE8100។
សម្រាប់ទំហំផ្ទុកវិញ ស្មាតហ្វូននេះគាំទ្រការប្រើប្រាស់កាតមេម៉ូរីស្តង់ដារ microSDXC (dedicated slot) បំពាក់ដោយរ៉េមទំហំ១ជីហ្គាបៃ អង្គផ្ទុកទិន្នន័យខាងក្នុងទំហំ៨ជីហ្គាបៃ ក៏ដូចជាបន្ទះឈីបល្បឿនលឿន eMMC 5.1 ។ កាមេរ៉ាក្រោយ១គ្រាប់ ទំហំ៨មេហ្គាភីកសែល គាំទ្របច្ចេកវិទ្យាចាប់ចំណុចហ្វ័រខឹសស្វ័យប្រវត្តិ (AF) និងការជំនួយពន្លឺពី LED Flash ។ ចំណែកកាមេរ៉ាមុខ មួយគ្រាប់ទំហំ៥មេហ្គាភីកសែល ។
គេនៅមិនទាន់ដឹងថ្ងៃណាឲ្យប្រាកដជាក់លាក់ថា ស្មាតហ្វូន Samsung Galaxy A01 Coreចេញផ្លូវការនោះទេ ។ ព័ត៌មានលម្អិតអំពីលក្ខណៈពិសេស និងបច្ចេកវិទ្យាផ្សេងទៀតដែលផ្តល់ជូននៅលើស្មាតហ្វូននេះ ក៏មិនទាន់មានបង្ហាញពិស្តារនៅឡើយទេ ៕
ដោយ៖ យ៉ាត