
ខ្សែការពារ-បម្រើ វ័យក្មេងរបស់ក្រុមគោព្រៃកម្ពុជា និង ក្រសួងការពារ កីឡាករ ច្រឹង ពលរដ្ឋ ត្រូវបានក្លឹបយក្សរបស់ថៃ Buriram United ខ្ចីជើងរយះពេល ២ ឆ្នាំ និងមានលក្ខខ័ណ្ឌទិញផ្ដាច់ផងដែរ ។
អគ្គលេខាធិការរបស់ក្លឹបក្រសួងការពារជាតិ លោក ខូវ ឆាយ បានឲ្យដឹងថាម្ចាស់ជើងឯកលីគកំពូលថៃ ៦ សម័យកាលក្លឹប Buriram United បានខ្ចីជើងកីឡាករវ័យ ២១ ឆ្នាំរូបនេះរយះពេល ២ ឆ្នាំ ប៉ុន្តែក៏និងតាមមើលរូបគេផងដែរប្រសិនបើបង្ហាញទម្រង់លេងបានល្អតាមអ្វីដែលក្លឹបចង់បាននោះក្លឹបអ្នកមានរបស់ថៃមួយនេះនឹងពិចារណាទិញផ្ដាច់តែម្ដង ។
អគ្គលេខាធិការរបស់ក្លឹបក្រសួងការពារជាតិ លោក ខូវ ឆាយ បាននិយាយប្រាប់ CNCC ថា៖ “ហ្នឹងហើយយើងបានព្រមព្រៀមជាមួយ Buriram លើកិច្ចសន្យាខ្ចីជើងរយះពេល ២ ឆ្នាំ ជាមួយលក្ខខ័ណ្ឌទិញផ្ដាច់ផងដែរ ។ ការទិញផ្ដាច់អាចកើតឡើងក្នុងរយះពេល ២ ហ្នឹងឯង ឬ អំឡុងពេលណាមួយដែលគិតថា ច្រឹង ពលរដ្ឋ អាចលេងបានល្អនៅក្លឹបរបស់គេ គេនឹងទិញផ្ដាច់តែម្ដង “។
គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងការទៅលេងនៅក្លឹប Buriram នេះ អតីត U19 កម្ពុជារូបនេះនឹងទទួលបានប្រាក់ខែចំនួន ៥,០០០ ដុលារ រួមជាមួយឡានមួយគ្រឿង និង ខុនដូរមួយសម្រាប់ឲ្យរូបគេស្នាក់ក្នុងរយះពេល ២ ឆ្នាំខាងមុខនេះ ៕
ដោយ៖តារា