
ការភ័យខ្លាចនៃជំងឺកូវីដ-១៩ បានក្លាយជាឱកាសសម្រាប់ជនខិលខូចយកទៅបោកបញ្ឆោតអ្នកប្រើប្រាស់តាមប្រព័ន្ធអនឡាញ។ នេះបើយោងតាមការឱ្យដឹងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
យោងតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត Bitdefender បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានការបោកបញ្ឆោតដោយការផ្ញើអ៊ីម៉ែលបានកើនឡើងកាន់តែខ្លាំង ដើម្បីលួចព័ត៌មានផ្ទាល់ខ្លួន និងលេខសម្ងាត់ធនាគាររបស់អ្នកប្រើប្រាស់ ឬដើម្បីបញ្ចូលមេរោគ។ ភាគច្រើននៃការផ្ញើអ៊ីម៉ែលឆបោកទាំងនោះ ត្រូវបានបន្លំធ្វើជាផ្ញើចេញពីប្រភពដែលអាចទុកចិត្តបានដូចជា អង្គការ រដ្ឋាភិបាល ក្រសួងសុខាភិបាល មជ្ឈមណ្ឌលសុខភាពសាធារណៈ ឬធនាគារជាដើម តាមរយៈអ៊ីម៉ែល ដើម្បីឱ្យអ្នកប្រើប្រាស់មានការជឿទុកចិត្ត។ ជាឧទាហរណ៍ ជនខិលខូចបានធ្វើការបោកបញ្ឆោតបន្លំជាអង្គការសុខភាពពិភពលោក (WHO) ផ្សព្វផ្សាយព័ត៌មានថ្មីៗ ឬជាធនាគារ HSBC ជូនដំណឹងអំពីការដាក់បញ្ចូលប្រាក់ ដើម្បីឱ្យអ្នកប្រើប្រាស់ទាញយកឯកសារដែលមានបង្កប់ជាមួយមេរោគ។
ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា បានណែនាំឱ្យអ្នកប្រើប្រាស់ទាំងអស់មានការប្រុងប្រយ័ត្នចំពោះការឆបោកទាំងនេះ ព្រោះជនខិលខូចអាចប្តូរយុទ្ធសាស្ត្រពីការផ្ញើអ៊ីម៉ែល ទៅជាការផ្ញើសារតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដែលកំពុងមានការពេញនិយមនៅប្រទេសយើងនោះ។ កន្លងមកនាយកដ្ឋានក៏បានណែនាំអ្នកប្រើប្រាស់សូមកុំទាញយកឯកសារពីប្រភពដែលមិនស្គាល់ច្បាស់ ចៀសវាងការឆ្លងមេរោគ ក៏ដូចជាបាត់បង់ទិន្នន័យផ្ទាល់ខ្លួន ហើយក៏បានផ្សព្វផ្សាយពីល្បិចកលរបស់ជនខិលខូចដែលអាចប្រើប្រាស់ដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋក្នុងសម័យកូវីដ-១៩ កាលពីខែមីនាហើយផងដែរ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា