
ខ្សែប្រយុទ្ធ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹប Real Madrid ជាយូរណាស់មកហើយ ។ ក្រុម Los Blancos ចាត់ទុកថាគាត់ជាកីឡាករដែលសាកសមបំផុតដើម្បីទៅជំនួស Cristiano Ronaldo ។ ហើយនៅល្ងាចថ្ងៃព្រហស្បតិ៍នេះសារព័ត៌មានអេស្ប៉ាញ Libertad Digital បានធ្វើឱ្យមានការភ្ញាក់ផ្អើលមួយដែលថាអ្នកតំណាងក្លិបអធិរាជសបានរៀបចំកិច្ចពិភាក្សាជាមួយ Icardi និងភ្នាក់ងាររបស់គាត់លោក Wanda Nara នៅក្នុងទីក្រុង រ៉ូម ។
ទោះជាយ៉ាងណារបាយការណ៍ដូចគ្នានេះបន្តដោយការពិតដែលថាក្រុម Real Madrid មិនចាប់អារម្មណ៍នឹងខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះនោះទេ ផ្ទុយទៅវិញមានតែភ្នាក់ងាររបស់គាត់ទៅវិញទេដែលបន្តជំរុញឱ្យមានកិច្ចព្រមព្រៀងនេះ ។ លើសពីនេះទៀតការផ្ទេរនេះនឹងមានការលំបាកយ៉ាងខ្លាំងក្នុងការរៀបចំឡើងដោយ Icardi នឹងមិនមានតំលៃថោកនោះទេ ព្រោះលក្ខខណ្ឌនៃការទិញផ្ដាច់កុងត្រាមានតម្លៃរហូតដល់ ១១០ លានអឺរ៉ូ ឯណោះ ។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះស៊ុតបញ្ចូលទីបាន ២៩ គ្រាប់ក្នុងរដូវកាលកាលមុន និងបច្ចុប្បន្នក៏ជាប្រធានក្រុមរបស់ក្លឹប Inter Milan ផងដែរ ។ លោក Alessandro Antonello នាយកប្រតិបត្តិក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Milan មួយនេះបានបញ្ជាក់ថា Icardi មិនមានសម្រាប់លក់នោះទេ ហើយគេនឹងបន្តនៅជាមួយក្រុម Nerazzurri បន្តទៀត ព្រោះ Icardi គឺជាប្រធានក្រុម Inter និងមានកិច្ចសន្យាមួយនៅនឹងកន្លែងនេះផងដែរ” ៕
ដោយ៖តារា