
នាពេលថ្មីៗនេះ គណនី Twitter របស់ក្រុមហ៊ុនធំៗ ព្រមទាំងអ្នកល្បីៗមួយចំនួនដូចជា Apple, Uber, Bill Gates, Jeff Bezos, Elon Musk និង Barack Obama ត្រូវបានជនអនាមិកជ្រៀតចូល។
ការវាយប្រហារនេះ អាចចាត់ទុកជាការវាយប្រហារខ្នាតធំមួយ ដែលមានផែនការច្បាស់លាស់ ព្រោះគណនីដែលរងការប៉ះពាល់បានបង្ហាញសារស្រដៀងៗគ្នាទាក់ទងនឹងការផ្ញើលុយ Bitcoin ឱ្យពួកគេ ១០០០ ដុល្លារហើយគេនឹងផ្ញើឱ្យវិញមួយជា២ដង ឬ ២០០០ ដុល្លារ។ ខណៈបច្ចុប្បន្នក្រុមហ៊ុន Twitter បានខិតខំប្រឹងប្រែងទាញយកគណនីទាំងនោះពីក្រុមអ្នកវាយប្រហារវិញ ហើយក្រុមហ៊ុនក៏កំពុងធ្វើការស្រាវជ្រាវដើម្បីកែសម្រួលបញ្ហានេះផងដែរ។
ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា បានណែនាំថា ទោះជានៅប្រទេសកម្ពុជាយើងមិនសូវជាមានអ្នកប្រើប្រាស់ Twitter ច្រើនក៏ដោយ ក៏អ្នកប្រើប្រាស់ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះការឆបោកនេះ ព្រោះជនខិលខូចអាចប្តូរយុទ្ធសាស្ត្រពីការប្រើប្រាស់កម្មវិធី Twitter ទៅប្រើកម្មវិធី Facebook ដែលកំពុងមានការពេញនិយមនៅប្រទេសយើងនោះ។ សូមបងប្អូនមានការពិភាក្សា ឬតេបញ្ជាក់អត្តសញ្ញាណមុននឹងធ្វើការឆ្លើយតប ទាក់ទងនឹងការសុំឱ្យផ្ញើលុយតាមរយៈបណ្តាញទំនាក់ទំនងសង្គមណាមួយនោះ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា