
កីឡាករសញ្ជាតិបារាំងខ្សែបម្រើ Paul Pogba អាចចាកចេញពីក្លឹបបីសាចក្រហម Manchester United ផ្ទេរទៅកាន់ក្លឹបអ្នកមានបុណ្យ FC Barcelona មុននឹងបិទទីផ្សានាចុងខែសីហានេះ ។
ទំនាក់ទំនងរវាងអតីតកីឡាកររបស់ក្លឹបសេះបង្កង់ Juventus និងគ្រូបង្វឹកសញ្ជាតិព័ទុយហ្គាល់លោក Jose Mourinho ត្រូវបានគេនិយាយថាកំពុងឡើងកំដៅយ៉ាងខ្លាំង ហើយកីឡាករវ័យ ២៥ ឆ្នាំរូបនេះនៅតែចង់ចាកចេញពីកីឡាដ្ឋាន Old Trafford ថ្វីបើកុងត្រារបស់គាត់នៅជាប់ជាមួយក្លឹបរហូតដល់ឆ្នាំ ២០២១ ក៏ដោយ ។
FC Barcelona បានធ្វើការផ្តល់ជូននូវប្រាក់ចំនួន ៤៥ លានផោន ( ៥០ លានអឺរ៉ូ / ៥៨ លានដុល្លារ ) បូករួមជាមួយខ្សែការពារ Yerry Mina និង Andre Gomes ក្នុងការដោះដូរនេះ ប៉ុន្តែត្រូវបានបដិសេធពីសំណាក់ក្លឹបបីសាចក្រហម ទោះបីជាយ៉ាងណាក៏ដោយម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga រដូវកាល ២០១៧-១៨ ជឿជាក់ថាពួកគេនៅតែអាចចុះហត្ថលេខាជាមួយនឹងកីឡាករ Pogba បាននៅមុនពេលទីផ្សាដោះដូរកីឡាករក្នុងទ្វីប អឺរ៉ុប ត្រូវបិទទ្វា ៕
ដោយ៖តារា