អ្នកប្រើ Android កំពុងរងការវាយប្រហារពីមេរោគម្យ៉ាង ដែលចូលលួចលេខសម្ងាត់របស់កម្មវិធីផ្សេងៗ

9738

មេរោគ Android malware BlackRock អាចលួចលេខសម្ងាត់ និងទិន្នន័យគណនីពីកម្មវិធីជាច្រើន។ នេះបើយោងតាមការបញ្ជាក់របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញមេរោគ Android malware ដែលគេឱ្យឈ្មោះថា BlackRock។ មេរោគនេះមិនមែនជាមេរោគថ្មីសន្លាងនោះទេ វាជាប្រភេទមេរោគដែលត្រូវបានកែសម្រួលពីមេរោគចាស់ (Xerxes malware) ប៉ុន្តែអ្វីដែលគេមានការព្រួយបារម្ភនោះគឺមេរោគនេះអាចលួចយកទិន្នន័យបានទាំងឈ្មោះ និងលេខសម្ងាត់។ លើសពីនេះទៀតវាក៏អាចប្រាប់អ្នកប្រើប្រាស់ឱ្យវាយបញ្ជូលលេខគណនីបានថែមទៀតផង ប្រសិនបើកម្មវិធីនោះតម្រូវឱ្យមានការបង់លុយនោះ។ ដើម្បីលួចយកទិន្នន័យ ជនខិលខូចបានប្រើបច្ចេកទេស “overlay ឬ ត្រួតស៊ីគ្នា” ដែលតាមដានអ្នកប្រើប្រាស់នៅពេលដែលពួកគេបើកកម្មវិធីណាមួយ ពេលនោះជនខិលខូចនឹងបន្ថែមស្គ្រីនក្លែងក្លាយនៅពីលើ ដើម្បីទាញយកទិន្នន័យសំខាន់ៗមុនពេលអ្នកប្រើប្រាស់ចូលទៅក្នុងកម្មវិធីមែនទែន។
BlackRock មិនត្រឹមតែអាចលួចទិន្នន័យពីកម្មវិធីទាក់ទងទៅនឹងប្រព័ន្ធហិរញ្ញវត្ថុ កម្មវិធីបណ្ដាញសង្គម និងកម្មវិធីទំនាក់ទំនងដទៃទៀតតែប៉ុណ្ណោះទេ វាថែមទាំងអាចធ្វើការលួចទិន្នន័យពីកម្មវិធីណាត់ជួប កម្មវិធីព័ត៌មាន កម្មវិធីទិញទំនិញអនឡាញ កម្មវិធីទាក់ទងនឹងការរស់នៅប្រចាំថ្ងៃបានផងដែរ។ លើសពីនេះទៅទៀត កម្មវិធីមេរោគនេះក៏អាចធ្វើការលួចយកទិន្នន័យក្នុងពេលផ្ញើសារ និងក្នុងពេលវាយឯកសារ (keylogger) ផងដែរ។

បច្ចុប្បន្នមេរោគនេះត្រូវបានគេរកឃើញនៅតាមវេបសាយមួយចំនួនដែលបន្លំធ្វើជា កម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នភាពកម្មវិធី Google ក៏ប៉ុន្តែវាមិនទាន់មាននៅលើ Play Store នៅឡើយទេ។ ហេតុដូច្នេះហើយសូមលោកអ្នក ធ្វើការទាញយកតែកម្មវិធីណាដែលមាននៅលើ Play Store ត្រឹមត្រូវ និងកុំទាញយកកម្មវិធីផ្សេងៗតាមរយៈវេបសាយ ព្រោះវាអាចភ្ជាប់មកជាមួយមេរោគផងដែរ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី