
បន្ទាប់ពីចំណាយពេលអស់មួយរដូវកាលយ៉ាងលំបាករបស់កីឡាករ Tiemoue Bakayoko ក្នុងការរួមរស់ជាមួយក្លឹបតោខៀវ Chelsea ក្រោយពីផ្ទេរពីក្លឹប Monaco ពេលនេះត្រូវបានផ្ទេរទៅកាន់ក្លឹបយក្សអ៊ីតាលីមួយជាផ្លូវការហើយ ។
ក្លឹប AC Milan បានខ្ចីជើងខ្សែបម្រើសញ្ជាតិបារាំង Tiemoue Bakayoko ពីក្លឹបតោខៀវ Chelsea ក្នុងលក្ខខ័ណ្ឌទិញផ្ដាច់ផងដែរជាមួយតម្លៃ ៣៦ លានផោន នៅចុងបញ្ចប់នៃរដូវកាល ២០១៨-១៩ នេះ ។
បន្ទាប់ពី Chelsea បាននាំយក Mateo Kovacic និង Jorginho ហើយការវិលត្រឡប់របស់កីឡាករ Ruben Loftus-Cheek វិញ វាច្បាស់ថាត្រូវមាននរណាម្នាក់ត្រូវបានចាកចេញ ហើយកីឡាករវ័យ ២៣ ឆ្នាំរូបនេះហាក់ដូចជាជម្រើសដ៏ច្បាស់មួយ ។ អតីតកីឡាកររបស់ក្លឹប Monaco រូបនេះត្រូវបានគេជឿជាក់ថាបានសម្តែងនូវបំណងប្រាថ្នារបស់គាត់ក្នុងការចូលរួមជាមួយក្លឹប AC Milan បន្ទាប់ពីបានជួបរដូវកាលដ៏អាក្រក់របស់គាត់នៅឯកីឡដ្ឋាន Stamford Bridge ៕
ដោយ៖តារា