ឃើញ TikTok ជោគជ័យពេក ពេលនេះ Facebook បញ្ចេញមុខងារថ្មីដូចគ្នា ថែមទាំងផ្ដល់លុយដល់អ្នកលេងទៀត

8850

Instagram Reels គឺកម្មវិធីថ្មីមួយដែល Facebook នឹងយកមកប្រកួតប្រជែងជាមួយ កម្មវិធី TikTok ហើយថែមទាំងផ្ដល់ជូនលុយដល់អ្នកលេងកម្មវិធីទៀតផង។ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា។

ដោយសារតែមើលឃើញថាកម្មវិធី TikTok ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីមនុស្សស្ទើរតែទូទាំងពិភពលោក ពេលនេះក្រុមហ៊ុន Facebook បានបន្ថែមមុខងារថ្មីមួយដែលបានដាក់ឱ្យដំណើរការនៅលើកម្មវិធី Instagram ក្នុងប្រទេសមួយចំនួន ដែលមានឈ្មោះថា Instagram Reels ព្រមទាំងគ្រោងដាក់ឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកនៅខែក្រោយនេះទៀតផង។
ក្រុមហ៊ុន Facebook បានផ្តល់នូវការលើកទឹកចិត្តជាប្រាក់កម្រៃដល់អ្នកពូកែក្នុងការច្នៃប្រឌិតដ៏មានប្រជាប្រិយបំផុតរបស់កម្មវិធី TikTok ដែលមានអ្នកតាមដានរាប់លាននាក់ ដើម្បីធ្វើការបញ្ចុះបញ្ចូលពួកគេឱ្យងាកមកប្រើប្រាស់សេវាកម្មថ្មី Instagram Reels ដែលខ្លួននឹងយកមកប្រកួតប្រជែង ដើម្បីធ្វើឱ្យមានការកើនឡើងនៃប្រជាប្រិយភាពក្រុមហ៊ុនខ្លួន។ គេប៉ាន់ប្រមាណថា ការចំណាយដែលមានសក្តានុពលសម្រាប់អ្នកខ្លះ គឺអាចមានទៅដល់រាប់រយពាន់ដុល្លារឯណោះ។
ដោយឡែកចំពោះ ក្រុមហ៊ុន TikTok ក៏បានប្រកាសមូលនិធិប្រហែល ២០០លានដុល្លារ សម្រាប់ជួយដល់អ្នកច្នៃប្រឌិត ដែលបានធ្វើការយកចិត្តទុកដាក់ និងការលះបង់ដែលពួកគេបានខំប្រឹងផ្សាភ្ជាប់ប្រកបដោយភាពច្នៃប្រតិដ្ឋជាមួយនឹងអ្នកប្រើប្រាស់ដែលត្រូវបានបំផុសគំនិតដោយពួកគេ ព្រមទាំងក្នុងគោលបំណងទប់ស្កាត់មិនឱ្យពួកគេងាយទៅចាប់អារម្មណ៍ប្រើប្រាស់មុខងារ Instagram Reels។

គួរបញ្ជាក់ថា Instagram Reels គឺជាមធ្យោបាយថ្មីមួយដើម្បីបង្កើតជាវីដេអូកម្សាន្ត និងធ្វើឱ្យមានការទាក់ទាញពី Instagram Stories ។ Instagram Reels បានសាកល្បងជាលើកដំបូងនៅក្នុងប្រទេសប្រេស៊ីល បន្ទាប់មកមាននៅប្រទេសអាល្លឺម៉ង់ បារាំង និងឥណ្ឌា ដែលមុខងារនេះត្រូវបានចេញផ្សាយតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានហាមឃាត់ TikTok រួមជាមួយកម្មវិធីចិនចំនួន ៥៨ ផ្សេងទៀត។ បច្ចុប្បន្នគេពុំដឹងថាតើពេលណាកម្មវិធីនេះនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ទូទាំងពិភពលោកនោះទេ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី