ពលរដ្ឋខ្មែរមានចំណូលតិច ចង់ដើរកម្សាន្តក្នុងស្រុក ក៏អាចសម្រាកនៅសណ្ឋាគារលំដាប់ផ្កាយ៥បានដែរ

9775

ប្រជាពលរដ្ឋខ្មែរដែលមានចំណូលកម្រិតទាប ដែលមានបំណងធ្វើដើរលេងកម្សាន្ត នៅតំបន់ទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏អាចសម្រាកនៅសណ្ឋាគារលំដាប់ផ្កាយ៥ ជាមួយតម្លៃពិសេសពុំធ្លាប់មានផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្រសួងទេសចរណ៍ បានបញ្ចេញតម្លៃពិសេសដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត ការទស្សនាកន្លែងដែលថ្មីៗ ជាមួយនឹងមគ្គុទ្ទេសក៍ទេសចរណ៍ និងការទទួលទានម្ហូបអាហារដ៏មានឱជារស គួរជាទីគាប់ចិត្ត នៅក្នុងបរិយាកាសដ៏ល្អសាកសមបំផុតក្នុងដំណើរកម្សាន្តផងដែរ ក្នុងឱកាសឈប់សម្រាករយៈពេល ៥ថ្ងៃ សងថ្ងៃឈប់ពិធីបុណ្យចូលឆ្នាំប្រណៃខ្មែរ។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍ ប្រធាននាយកដ្ឋានទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ លោក ឈុន មករា បានលើកឡើងថា គោលដៅសំខាន់នៃកញ្ចប់ទស្សនកិច្ចកម្សាន្តនេះ គឺដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ធ្វើដំណើរកម្សាន្តតាមរយៈកញ្ចប់ទស្សនកិច្ច ដែលបង្កើតជាតម្លៃនៃដំណើរកម្សាន្ត បទពិសោធន៍ថ្មី និងធានាបាននូវសុវត្ថិភាពជូនទេសចរណ៍ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ពិសេសត្រៀមទទួលទេសចរណ៍ ក្នុងអំឡុងពេលឈប់សម្រាកការងារពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខ។

រូបតំណាង

លើសពីនេះ លោក ឈុន មករា ក៏បានបញ្ជាក់ថា នៅក្នុងដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ គឺជាដំណើរកញ្ចប់ទស្សនកិច្ចលំដាប់ផ្កាយ៥ ដោយអ្នកទេសចរទាំងអស់ អាចសម្រាកនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ នៅក្នុងតម្លៃយ៉ាងពិសេសបំផុតដែលមិនធ្លាប់មានពីមុនមក ដែលគោលដៅនៃដំណើរកម្សាន្តនេះ គឺផ្តោតសំខាន់ទៅលើខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា។
ក្នុងឱកាសនោះ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឱ្យអាជីវកម្មទេសចរណ៍ទាំងអស់ សូមមេត្តាយោគយល់លើការកំណត់តម្លៃសេវាកម្មឱ្យបានសមរម្យ និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីបង្កើតមុខមាត់ថ្មីដល់វិស័យទេសចរណ៍កម្ពុជាដែលជាគោលដៅមានសុវត្ថិភាព និងប្រកបដោយភាពកក់ក្តៅ ពិសេសត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងអំឡុងថ្ងៃឈប់សម្រាកខាងមុខ៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី