ប្រាសាទដំរីក្រាប ដែលមានអាយុកាលជាង១ពាន់ឆ្នាំ រងការខូចខាតខ្លាំង ទទួលការជួសជុលហើយ

8702

អាជ្ញាធរជាតិអប្សរានឹងប្រើរយៈពេល ៤ខែ ក្នុងការអភិរក្សនិងជួសជុលប្រាសាទដំរីក្រាប នៅលើភ្នំគូលែន ដែលបានរងការខូចខាតខ្លាំង នាពេលកន្លង។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

តាមការបញ្ជាក់ឱ្យដឹងថា គម្រោងអភិរក្សនិងជួសជុលប្រាសាទនេះ មានរយៈពេល៤ខែ ដោយចាប់ផ្តើមពីថ្ងៃទី២០ខែកក្កដា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំដោយលោក ឈាន រដ្ឋា និងអនុវត្តផ្ទាល់ដោយលោក ពុទ្ធ សុទ្ធ និងមន្ត្រីបុគ្គលិកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ។ ប្រាសាទដំរីក្រាប រងការខូចខាតខ្លាំងដោយកត្តាទឹកភ្លៀងនិងរុក្ខជាតិ ដែលធ្វើឱ្យគ្រឹះស្រុតផ្នែកខាងលិច បណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង និងផ្នែកខ្លះមានឫសឈើចាក់ចូលជញ្ជាំងបណ្តាលឱ្យស្នាមប្រេះកាន់តែរីកធំឡើង។ បញ្ហាសំណើមក៏ធ្វើឱ្យផ្នែកខឿនប្រាសាទពុកផុយខ្លាំង និងផ្នែកកណ្តាលមធ្យម។ រួមទាំងកត្តាមនុស្សដែលបានលួចបំផ្លិចបំផ្លាញក្បាច់ក្រឡោតខ្ពស់នៅលើជញ្ចាំង ហោជាង ផ្តែរ និងជីកកកាយគ្រឹះខាងក្នុងប្រាសាទ ធ្វើឱ្យលំនឹងប្រាសាទមានការប្រែប្រួល។

សូមជម្រាបថា ប្រាសាទដំរីក្រាប មានទីតាំងស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ជាប្រាសាទឥដ្ឋ ដែលមានតួប៉ម ៣សង់លើខឿនតែ១ មានកំពែងព័ទ្ធជុំវិញ ហើយក៏ជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនដែលស្ថិតនៅក្នុងរចនាបថគូលែនក្នុងរជ្ជព្រះបាទជ័យវរ្ម័នទី២ (គ.ស.៨០២-៨៥០) ដែលជាការចាប់ផ្តើមនៃអារ្យធម៌អង្គរ។ ប្រាសាទនេះមិនសូវខុសប្លែកពីសម័យមុនៗទេ គឺបែរមុខទៅទិសខាងកើត និងមានទ្វារបញ្ឆោតចំនួន៣ ប្លង់បាតមានរាងការេ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី