ភ្នំល្អាង ជាជម្រកសត្វនិងរុក្ខជាតិកម្រ ជិតផុតពូជនៅលើផេនដី និងជាស្ថានីយបុរេប្រវត្តិរបស់មនុស្សបុរាណ

9738

ភ្នំល្អាង ជាជម្រកសត្វនិងរុក្ខជាតិកម្រ និងជិតផុតពូជនៅលើពិភពលោក ដែលចុះក្នុងបញ្ជីអង្គការអាយយូស៊ីអិន (ខ្យងដីគោក សត្វប្រចៀវ និង រុក្ខជាតិ Ornithoboea Emerginata)។ ភ្នំល្អាង ជាភ្នំថ្មកំបោរទំហំ ៨០០ម៉ែត្របួនជ្រុង និងកម្ពស់ខ្ពស់ ធ្វើឱ្យភ្នំនេះ មានសម្រស់ប្រៀបបានទៅនឹងគ្រឿងអលង្ការស្រស់ដាច់គេ នៅតំបន់មេគង្គខាងក្រោម (Steve Bernacki, 2017, IUCN)។ នេះបើយោងតាម Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ។

លោក Jean Pierre Carbonnel (ឆ្នាំ១៩៧០) និងលោក Roland Mourer (ឆ្នាំ១៩៧៧) សរសេរថា ភ្នំល្អាងជាស្ថានីយបុរេប្រវត្តិ ដែលមានមនុស្សជំនាន់ដើមរស់នៅ និងមានអាយុកាលចន្លោះពី ៣០០០ ទៅ ២០០០ឆ្នាំ មុនគ.ស.។ នៅចំនុចលេខ C52 គេបានរកឃើញឆ្អឹងរមាស ថ្គាមដំរី និងសត្វផ្សេងៗដែលជាអាហារមនុស្សសម័យបុរេប្រវត្តិ និងរកឃើញសំណល់ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជា បំណែកកុលាលភាជន៍ និងឧបករណ៍ថ្ម។ នៅឆ្នាំ២០១៤ លោក ហេង សុផាឌី និងលោក ហេង ថាន សរសេរថា ភ្នំល្អាងជាស្ថានីយបុរេប្រវត្តិមួយក្នុងចំណោមបី នៅកម្ពុជា មានតម្លៃផ្នែកសិក្សាស្រាវជ្រាវ។ បច្ចុប្បន្នភ្នំល្អាងជាទីតាំងសក្ការៈបូជាដ៏ស័ក្តិសិទ្ធិ (លោកយាយម៉ៅ និង លោកតាឃ្លាំងមឿង) ដែលប្រជាពលរដ្ឋខ្មែរក្នុងតំបន់តែងទៅគោរពបូជា និងបន់ស្រន់ដើម្បីសេចក្តីសុខ។

សូមបញ្ជាក់ថា រដ្ឋាភិបាលចេញលិខិតលេខ១៣៤៥ សជណ.កស ចុះថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឱ្យក្រសួងបរិស្ថានសហការជាមួយអ្នកពាក់ព័ន្ធ រក្សាទុកតំបន់សា្ថនីយបុរាណចំនួន ១៧៣ទីតាំង នៅតាមតំបន់ភ្នំ ក្នុងនិងក្រៅតំបន់ការពារធម្មជាតិ ជាតំបន់អភិរក្សបេតិកភណ្ឌសម្រាប់ កេរ្តិ៍មរតកមនុស្សជាតិគ្រប់ជំនាន់ ក្នុងនោះមានភ្នំល្អាងផងដែរ៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី