មិត្តរួមក្លិប Bayern ម្នាក់ថា កីឡាករ៣រូបនេះ មានឱកាសឈ្នះ Ballon D’or ជាង Lewandowski

119295

Joshua Kimmich និយាយថា ខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich កីឡាករ Robert Lewandowski នឹងប្រឈមការប្រកួតប្រជែងយ៉ាងខ្លាំងពីខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City សម្រាប់ពានរង្វាន់ Ballon D’or ឆ្នាំ២០២០ ប្រសិនបើគេមិនឆាចោល។

ពានបាល់មាស នៅឆ្នាំ២០២០នេះ នឹងមិនត្រូវប្រគល់ជូនកីឡាករណាម្នាក់ឡើយ ដោយការសែត France Football ដែលជាអ្នករៀបចំកម្មវិធីនេះបានប្រកាសថា ពួកគេនឹងលុបចោលព្រឹត្តិការណ៍នេះ ជាលើកទីដំបូង ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៦។ ជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យរំខានដល់ការប្រកួតកីឡានៅជុំវិញពិភពលោក ហើយការវិភាគអាចនឹងមិនយុត្តិធម៌ ក្នុងការជ្រើសរើសកីឡាករកំពូលប្រចាំឆ្នាំនោះឡើយ។

ព័ត៌មានរំសាយនេះ បានក្លាយជារឿងអកុសលមួយសម្រាប់ខ្សែប្រយុទ្ធជួរមុខរបស់ក្លិប Bayern កីឡាករ Lewandowski ខណៈដែលសមាជិកក្រុមជម្រើសជាតិប៉ូឡូញត្រូវបានរំពឹងថា ជាបេក្ខភាពឈានមុខគេ ក្នុងដណ្ដើមពានបុគ្គលល្បីៗ នៅចុងឆ្នាំនេះ។ អ្នកដែលនៅ Allianz Arena បានសម្តែងការខកចិត្តយ៉ាងខ្លាំង នៅពេលបានឃើញកីឡាករឆ្នើមរបស់ខ្លួន ត្រូវបាត់បង់ពានផ្ទាល់ខ្លួនដ៏មានសក្ដានុពល ទាំងមិនទាន់ប្រកួតប្រជែង ប៉ុន្តែ Lewandowski មិនមែនជាកំពូលតារាតែម្នាក់គត់ ដែលចូលរួមប្រកួតដណ្ដើមពាននេះនោះទេ។

មិត្តរួមក្រុមរបស់គាត់ គឺខ្សែការពារ Kimmich បានសារភាពថា Lewandowski ត្រូវប្រឈមគូរប្រកួតខ្លាំងៗពីក្របខ័ណ្ឌ Premier League, Serie A និង La Liga ដោយប្រាប់វែបសាយ Goal ថា៖ “ជាការពិតណាស់ដូចជា Messi និង Cristiano តែងតែឈ្លោះដណ្ដើមគ្នា។ ហើយសម្រាប់ខ្ញុំ ខ្ញុំគិតថា Kevin De Bruyne លេងរដូវកាលដ៏ឆ្នើមមួយ ដូច្នេះប្រហែលជាគាត់ (អាចឈ្នះ Ballon D’or)”៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី