
សត្វក្ងោក កំពុងស្ថិតក្នុងបញ្ជីក្រហមជិតផុតពូជលើភពផែនដី ខណៈក៏កំពុងមានវត្តមានមួយចំនួននៅទឹកដីប្រទេសកម្ពុជា ផងដែរ។ នេះបើយោងតាមការឱ្យដឹងរបស់ក្រសួងបរិស្ថាន។
ក្ងោកឈ្មោលមានស្លាបនិងកន្ទុយលក្ខណៈពិសេសជាងក្ងោកញី គឺមានលក្ខណៈស្រស់ស្អាតនិងភ្លឺចែងចាំង។ សត្វក្ងោក ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទកំពុងរងគ្រោះថ្នាក់ ហើយរងនូវការគំរាមកំហែងដោយសារការប្រមាញ់យកស្លាប សាច់ និងបាត់បង់ទីជម្រក។ ក្ងោកបៃតង ដែលរកឃើញមានវត្តមាននៅប្រទេសកម្ពុជា អាចបន្តពូជបានចន្លោះពីខែកុម្ភះដល់ខែមេសាជារៀងរាល់ឆ្នាំ។ នៅរដូវបន្តពូជ ក្ងោកឈ្មោលតែងតែបង្ហាញរាងសង្ហារ រេរាំ បើកកន្ទុយ ត្រដាងស្លាបពណ៌ដ៏ស្រស់ស្អាតរបស់ខ្លួន និងបញ្ចេញសំលេងក្រុកៗ ដើម្បីទាក់សត្វញី និងធ្វើការបន្តពូជ។
គួរឱ្យដឹងថា ក្ងោកមេអាចពងបានចន្លោះពី ៣ទៅ១០ពង ដោយក្រាបកាច់សម្បុកនៅលើដី។ រយៈពេលប្រមាណ ៤សប្តាហ៍ទើបពងញាស់ជាកូនបក្សី ហើយចន្លោះពី ២ទៅ៣ខែក្រោយ កូនក្ងោកអាចរកស៊ីចំណីបាន៕
ដោយ៖ ស្រស់ ប្រភព៖ ក្រសួងបរិស្ថាន