
ក្រោយពីក្លិប Real Madrid បានចុះហត្ថលេខាជាមួយ Thibaut Courtois ពីក្លឹបតោខៀវ Chelsea កាលពីសប្តាហ៍មុន ធ្វើឲ្យអ្នកចាំទីរូបនេះបានក្លាយជាអ្នករកចំណូលដ៏ខ្ពស់មួយរបស់ក្លិប ។ អ្នកចាំទីរូបនេះនឹងទទួលបានប្រាក់បៀរវត្សខ្ពស់បំផុតរបស់ក្លឹប Los Blancos ក្នុងនាមជាកីឡាករថ្មីមួយរបស់ក្លឹប បន្ទាប់ពីកំពូលកីឡាករ Cristiano Ronaldo បានចាកចេញពីក្លឹបកាលពីខែមុន ។ អ្នកចាំទីរូបនេះបានចូលរួមជាមួយ Real Madrid ផ្លាស់ពីក្លឹប Chelsea ក្នុងតម្លៃខ្លួន ៣៥ លានអ៊ឺរ៉ូ ជាមួយនឹងការចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៦ ឆ្នាំ ។
មិនមានរបាយការណ៍ណាំបញ្ជាក់ឲ្យច្បាស់អំពីប្រាក់ឈ្នួលរបស់អ្នកចាំទីវ័យ ២៦ ឆ្នាំរូបនេះនៅក្នុងប្រទេសអេស្ប៉ាញនោះទេ ប៉ុន្តែត្រូវបានគេអះអាងថាអ្នកចាំទីសញ្ជាតិ បែលហ្សិក រូបនេះរកប្រាក់បានប្រហែល ១៣ លានអឺរ៉ូក្នុងមួយឆ្នាំ ។ ហើយបើយោងតាមការសែត Marca បានឲ្យដឹងថាគាត់នឹងនៅសល់ប្រាក់ប្រហែល ៦,៥ លានអឺរ៉ូ បន្ទាប់ពីកាត់ពន្ធចេញរួចរាល់ ។
ជាមួយនឹងប្រាក់ខែប្រហែល ១១០.០០០ ផោនក្នុងមួយសប្តាហ៍នេះបានធ្វើឲ្យគាត់ឈរនៅលំដាប់ទី ៩ ក្នុងចំណោមកីឡាករដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតរបស់ក្លិប Real Madrid ដោយតិចជាង Isco ដែលត្រូវបានគេដឹងថារកបាន ១២០.០០០ ផោនក្នុងមួយសប្តាហ៍ ។
បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញពីក្លឹប Los Blancos បានធ្វើឲ្យ Gareth Bale បច្ចុប្បន្នគឺជាកីឡាកររកចំណូលបានច្រើនជាងគេបំផុតក្នុងក្លឹបដោយរកបាន ៣៥០,០០០ ផោនក្នុងមួយសប្ដាហ៍ ខណៈដែលប្រធានក្រុមខ្សែការពារ Sergio Ramos និងខ្សែបម្រើ Toni Kroos រកបានចំនួន ២០០,០០០ ផោនក្នុងមួយសប្តាហ៍ ។
ក្រោយពីមានពាក្យចរចាអារ៉ាមជាមួយការផ្ទេរទៅកាន់ក្លឹប AC Milan ប្រធានក្រុមជម្រើសជាតិ ក្រូអាត ខ្សែបម្រើ Luka Modric រូបនេះត្រូវបានគេតម្លើងប្រាក់ឈ្នូលរហូតដល់ ១៨០.០០០ ផោនក្នុងមួយសប្តាហ៍ ខណះខ្សែការពារសញ្ជាតិប្រេស៊ីល Marcelo និងខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ទាំងពីររកបាន ១៥០.០០០ ផោនក្នុងមួយសប្តាហ៍ដូចគ្នា ។
ដោយឡែកខ្សែការពារដែលបានឈ្នះពានរង្វាន់ FIFA World Cup 2018 កីឡាករ Raphael Varane ទទួលបាន ១៤០.០០០ ផោនក្នុងមួយសប្ដាហ៍ ដែលតិចជាង Marcelo និង Benzema ចំនួន ១០ ០០០ ផោន ។
ចំណែកឯអ្នកចាំទី Keylor Navas ដែលជាអ្នកចាំទីជម្រើសដំបូងរបស់ Real Madrid កាលពីរដូវកាលមុនៗ រូបនេះនឹងទទួលបានប្រាក់ឈ្នួលចំនួន ៨៥.០០០ ផោនក្នុងមួយសប្តាហ៍ ហើយអ្នកចាំទីសញ្ជាតិ កូស្ដារីការ រូបនេះត្រូវបានគេចោទជាសំណួរថាតើគាត់អាចនឹងចាកចេញពីកីឡាដ្ឋាន Santiago Bernabeu មុនពេលបិទទ្វារទីផ្សាផ្ទេរកីឡាករក្នុងប្រទេសអេស្ប៉ាញ នៅថ្ងៃទី ៣១ ខែសីហា ខាងមុខនេះដែរឬទេ?
ដោយ៖តារា