Twitter ប្រឈមការផាកពិន័យទឹកប្រាក់ជាង ២៥០លានដុល្លារ ដោយសារមូលហេតុមួយនេះ

31642
  • កាលពីពេលថ្មីៗនេះ ទីភ្នាក់ងាររបស់គណៈកម្មការសហព័ន្ធពាណិជ្ជកម្ម (FTC) សហរដ្ឋអាមេរិក កំពុងពិនិត្យមើលថាតើក្រុមហ៊ុនទ្វីតធ័រ (Twitter) បានប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដូចជាលេខទូរសព្ទ និងអ៊ីម៉ែលដោយគ្មានការអនុញ្ញាត ដើម្បីបម្រើដល់ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ក្នុងអំឡុងពេលពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៩។

    ទាក់ទងនឹងការស៊ើបអង្កេតរបស់ FTC នេះដែរ ក្រុមហ៊ុនទ្វីតធ័រ ក៏បានធ្វើការសុំទោសដល់អ្នកប្រើប្រាស់រួចមកហើយ ដែលបានប្រើព័ត៌មានផ្ទាល់ខ្លួនក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ ដោយមិនមានការប្រុងប្រយ័ត្ន ដែលនេះក៏ជាការរំលោភលើកិច្ចព្រមព្រៀងឆ្នាំ២០១១ ដែលក្រុមហ៊ុនបានចុះហត្ថលេខាជាមួយ FTC លើឯកជនភាពរបស់អតិថិជន និងបានបញ្ជាក់ថាក្រុមហ៊ុនអាចនឹងរងការផាកពិន័យចន្លោះពី ១៥០-២៥០លានដុល្លារ ផងដែរ។
    ក្រុមហ៊ុនទ្វីតធ័រ បានជំរុញឱ្យអ្នកប្រើប្រាស់ផ្តល់លេខទូរសព្ទរបស់ពួកគេ ដើម្បីធ្វើការបន្ថែមទៅលើប្រព័ន្ធសុវត្ថិភាពដែលហៅថា two-factor authentication សម្រាប់ធ្វើការផ្ទៀងផ្ទាត់ដោយការទទួលបានសារមុនពេលចូលប្រើប្រាស់គណនីផ្ទាល់ខ្លួនរបស់ពួកគេ។ ថ្មីៗនេះក្រុមហ៊ុនទ្វីតធ័រ ក៏ទើបតែបានរងការរិះគន់ ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាពរបស់ពួកគេ ដែលក្រុមវាយប្រហារ អាចធ្វើការកាន់កាប់គណនីទ្វីតធ័រ របស់បុគ្គលល្បីៗជាច្រើន ហើយក្មេងវ័យជំទង់ ៣នាក់ដែលជាមេខ្លោង ត្រូវបានចាប់ខ្លួននៅរដ្ឋហ្វ្លរីដា និងប្រទេសអង់គ្លេស កាលពីចុងខែមុននេះ។

    CEO របស់ Twitter

    គួររំឭកផងដែរថា ក្រុមហ៊ុនទ្វីតធ័រ មិនមែនជាក្រុមហ៊ុនតែមួយនោះទេដែលរងការចោទប្រកាន់ទាក់ទងនឹងការរំលោភលើឯកជនភាពរបស់អ្នកប្រើប្រាស់ កាលពីឆ្នាំមុនទីភ្នាក់ងារនេះបានធ្វើការផាកពិន័យ ក្រុមហ៊ុមហ្វេសប៊ុក ប្រមាណ ៥ពាន់លានដុល្លារ រួចមកហើយដែរ ដើម្បីដោះស្រាយបញ្ហានៃការរំលោភបំពានឯកជនភាពជាច្រើន រួមទាំងការប្រើប្រាស់លេខទូរសព្ទរបស់អ្នកប្រើប្រាស់ដែលបានផ្តល់ឱ្យសម្រាប់គោលបំណងពង្រឹងសន្តិសុខ តែយកទៅធ្វើអាជីវកម្មដើម្បីផ្សាយពាណិជ្ជកម្មរបស់ខ្លួនទៅវិញ។ ក្រុមហ៊ុនហ្វេសប៊ុក ក៏បានយល់ព្រមថា ខ្លួននឹងលែងប្រើលេខទូរសព្ទដែលទទួលបានក្នុងនាមសន្តិសុខសម្រាប់ការផ្សាយពាណិជ្ជកម្មតទៅទៀតដែរ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី