ចាយពេលជាង៩ឆ្នាំ ទើប Google អាចបង្កើតមុខងារ ដូចរបស់ Apple មួយនេះបាន

31827
  • បន្ទាប់ពីមានពាក្យចចាមអារ៉ាម នឹងការលេចធ្លាយអស់ជាច្រើនខែមកហើយនោះ ក្រុមហ៊ុន Google បានចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់មុខងារ Nearby Sharing ជាផ្លូវការហើយ។ Nearby Sharing គឺជាមុខងារថ្មីរបស់ក្រុមហ៊ុន Google បង្កើតឡើងសម្រាប់ឧបករណ៍ប្រព័ន្ធប្រតិបត្តិការ Android ដើម្បីធ្វើការចែករំលែកឯកសារផ្សេងៗ ដូចជា រូបភាព វីដេអូ និងតំណភ្ជាប់វេបសាយ ដែលវាមានភាពស្រដៀងទៅនឹងកម្មវិធី AirDrop សម្រាប់ឧបករណ៍ Apple ដែរ។

    លក្ខណៈពិសេសនៃមុខងារនេះ គឺវាធ្វើឱ្យមានភាពសាមញ្ញនិងទំនើបក្នុងការចែករំលែកឯកសារគ្នាទៅវិញទៅមកដោយមិនចាំបាច់ធ្វើការដំឡើងកម្មវិធីបន្ថែមដទៃទៀតឡើយ។ ក្រុមហ៊ុន Google បានកំណត់យកមុខងារ Nearby Sharing ដើម្បីជំនួស Android Beam ព្រោះវាមានភាពល្អប្រសើរជាង ព្រមទាំងអាចជ្រើសរើសប្រើប្រព័ន្ធមួយក្នុងចំណោមប្រព័ន្ធចំនួន៤ ដែលអាចផ្ញើទិន្នន័យបានលឿនបំផុត (Bluetooth, Bluetooth Low Energy, WebRTC or peer-to-peer WiFi)។ ម្យ៉ាងវិញទៀតដើម្បីការពារឯកជនភាពរបស់អ្នកប្រើប្រាស់នោះ លោកអ្នកក៏អាចលាក់មុខងារនេះពីអ្នកដទៃ ឬអាចបើកឱ្យតែអ្នកដែលមាននៅក្នុងបញ្ជីរឈ្មោះមួយចំនួន ឬទាំងអស់ក៏បាន។ ជាងនេះទៅទៀតលោកអ្នកក៏អាចប្រើប្រាស់មុខងារនេះជាលក្ខណៈអនាមិកបានផងដែរ។
    បច្ចុប្បន្នគេឃើញក្រុមហ៊ុន Google កំពុងតែធ្វើការសាកល្បងប្រើមុខងារ Nearby Sharing ជាមួយប្រព័ន្ធប្រតិបត្តិការ Chrome OS Canary ដូច្នេះមុខងារនេះក៏អាចនឹងប្រើបានជាមួយនឹង Chrome OS នៅក្នុងពេលអនាគតដែរ។ គួររំឭកផងដែរថា ក្រុមហ៊ុន Microsoft ក៏មានមុខងារ Nearby Sharing នៅក្នុង Windows 10 Version 1803 (RS4) ដែលបានដាក់ឱ្យប្រើប្រាស់ប្រមាណជាពីរឆ្នាំមុន ប៉ុន្តែវាមិនអាចប្រើជាមួយនឹងមុខងារ Nearby Sharing របស់ក្រុមហ៊ុន Google បានទេ។

    មុខងារថ្មីនេះនឹងដាក់ឱ្យប្រើមុនគេជាមួយនឹងទូរសព្ទមួយចំនួនរបស់ក្រុមហ៊ុន Google និង Samsung ហើយបន្តដាក់ឱ្យប្រើជាមួយទូរសព្ទរបស់ក្រុមហ៊ុនផ្សេងៗទៀត ដែលមានប្រព័ន្ធប្រតិបត្តិការ Android 6.0 ឡើងទៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ក៏ប៉ុន្តែយើងនៅមិនទាន់ដឹងច្បាស់ថា សម្រាប់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា នឹងអាចទាញយកមុខងារនេះមកប្រើបាននៅពេលវេលាកំណត់ណាមួយនៅឡើយទេ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី