កីឡាករកំពូល ២រូបរបស់ Juventus ត្រូវបានគ្រូបង្វឹកថ្មីថ្មោងលោក Pirlo ប្រាប់ឱ្យរើបង្វេចចេញ

1112190

Gonzalo Higuain និង Sami Khedira ត្រូវបានគេប្រាប់ថា ពួកគេអាចចាកចេញពីក្រុម Juventus នៅរដូវក្តៅនេះ ដោយអ្នកទាំងពីរមិនស្ថិតក្នុងផែនការរបស់អ្នកចាត់ការថ្មីលោក Andrea Pirlo នោះទេ។

លោក Pirlo ត្រូវបានតំឡើងមកធ្វើជាអ្នកចាត់ការទូទៅក្រុមឈុតធំ ដ៏គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីលោកបានតែងតាំងជាគ្រូបង្វឹកអាយុក្រោម ២៣ ឆ្នាំ Juventus បានត្រឹម ៩ថ្ងៃប៉ុណ្ណោះ ខណៈដែលលោកកំពុងរៀបចំយុទ្ធសាស្រ្តក្លិបសារជាថ្មី មុនលីគកំពូលអ៊ីតាលីចាប់ផ្តើមឡើងវិញនៅខែក្រោយ។ លោក Pirlo បានមកកាន់តំណែងជាគ្រូបង្វឹក បន្ទាប់ពីការបណ្តេញលោក Maurizio Sarri ចេញពីតំណែង ក្រោយពីពួកគេបានធ្លាក់ចេញពីក្របខណ្ឌ Champions League នៅវគ្គ ១៦ ក្រុមចុងក្រោយក្រោមថ្វីជើងក្រុមខ្លាំងបារាំង Lyon ។

កាលពីម្សិលមិញ Blaise Matuidi ដែលជាកីឡាករសំណព្វក្រោមការដឹកនាំរបស់លោក Sarri និងមានកិច្ចសន្យាត្រូវផុតកំណត់នៅឆ្នាំ ២០២១ បានយល់ព្រមបញ្ចប់កុងត្រាដែលនៅសល់នេះ ហើយខ្សែបម្រើវ័យ ៣៣ឆ្នាំបានទៅចូលរួមជាមួយក្លឹបសហរដ្ឋអាមេរិក Inter Miami របស់លោក David Beckham ដោយមិនគិតថ្លៃ។ ឥឡូវនេះ Higuain និង Khedira ដែលជាកីឡាករឆ្នើមនៅ Juve ត្រូវបានគេប្រាប់ថា ពួកគេលែងត្រូវការទៀតហើយ ហើយអ្នកទាំងពីរមានសេរីភាពក្នុងការស្វែងរកក្លឹបថ្មីលេង នៅរដូវកាលក្រោយ។ អ្នកទាំងពីរមានប្រាក់ខែខ្ពស់គួរសមរម្យនៅក្នុងក្លិប ហើយពួកគេមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២១ ខណៈ Juventus កំពុងស្វះស្វែងរកវិធីបញ្ចេញកីឡាករទាំងពីរ នៅរដូវក្ដៅនេះ។

Higuain បង្ហាញខ្លួនបាន ៤៤ ប្រកួតគិតគ្រប់កម្មវិធីទាំងអស់សម្រាប់ Juve កាលពីរដូវកាលកន្លង ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់ បន្ទាប់ពីចំណាយពេលពាក់កណ្តាលយុទ្ធនាការឆ្នាំ ២០១៨-១៩ ក្នុងការខ្ចីជើងនៅ Chelsea ក្រោមការដឹកនាំរបស់លោក Sarri ។ ខណៈអតីតកីឡាករ Real Madrid ខ្សែបម្រើ Khedira បង្ហាញខ្លួនបានត្រឹមតែ ១៨ប្រកួតប៉ុណ្ណោះ នៅរដូវកាល២០១៩-២០ ហើយទម្រង់លេងរបស់កីឡាករវ័យ ៣៣ឆ្នាំរូបនេះក៏លេងមិនសូវបានល្អប៉ុន្មានដែរ ក្នុងមួយរយៈចុងក្រោយនេះ ទើបគ្រូបង្វឹកថ្មី Pirlo មិនបានដាក់អ្នកទាំងពីរនៅក្នុងផែនការរបស់លោក៕

ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី