Inter កំពុងពិចារណាសារ៉េយកកីឡាករពូកែអៀន N’Golo Kante ចេញពីក្រុមតោខៀវ

20357

សារព័ត៌មាន Gazzetta dello Sport បានរាយការណ៍ថា ក្រុម Inter Milan កំពុងពិចារណាលើការផ្លាស់ប្តូរយកខ្សែបម្រើ N’Golo Kante របស់ Chelsea នារដូវក្ដៅនេះ។

គ្រូបង្វឹកលោក Antonio Conte មានបំណងចង់ពង្រឹងផ្នែកតំបន់បម្រើក្រុមរបស់លោក ហើយលោកបានសម្លឹងឃើញអតីតកូនក្រុមអំឡុងពេលលោកដឹកនាំនៅក្រុមតោខៀវ Chelsea មកកាន់ទឹកដីអ៊ីតាលី។ Kante ដែលបានឈ្នះការប្រកួត World Cup ជាមួយប្រទេសបារាំង កាលពីឆ្នាំ២០១៨ ត្រូវបានគេចាត់ទុកថា ជាកីឡាករម្នាក់ដែលត្រូវបានគេបោះបង់ចោលនៅទឹកដី Stamford Bridge ដោយជាទូទៅខ្សែបម្រើអន្តរជាតិអ៊ីតាលី Jorginho តែងតែស្ថិតក្នុងក្រសែភ្នែកគ្រូបង្វឹកលោក Frank Lampard។

ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា អតីតកីឡាករក្លិបកញ្ជ្រៀងខៀវ Leicester City វ័យ ២៩ឆ្នាំ Kante លែងស្ថិតក្នុងផែនការរបស់ Chelsea ទៀតហើយ ខណៈ Inter ក្រោមការដឹកនាំរបស់លោក Conte ពេញចិត្តយ៉ាងខ្លាំងចំពោះទម្រង់លេងរបស់កីឡាកររូបនេះ និងកំពុងធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីចុះហត្ថលេខាលើ Kante ក្នុងទីផ្សារដោះដូរកីឡាករនេះ៕

ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី