
យោងទៅតាម Gazzetta dello Sport បានចុះផ្សាយថាខ្សែបម្រើ Luka Modric បានធ្វើការចរចារជាមួយក្រុម Inter Milan ។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានទទូចថាគាត់បានទាក់ទងក្លឹបអ៊ីតាលីជាលើកដំបូងដើម្បីស្វែងយល់ពីលទ្ធភាពនៃការផ្ទេរនេះ ។ បំណងប្រាថ្នារបស់កីឡាករសញ្ជាតិក្រូអាតរូបនេះគឺដើម្បីចង់ទៅលេងជាមួយមិត្តរួមជាតិក្រូអាតរបស់គាត់គឺកីឡាករ Marcelo Brozovic, Sime Vrsaljko និង Ivan Perisic គឺជាហេតុផលមួយសម្រាប់ការសម្រេចចិត្តរបស់រូបគេ ។
គេរំពឹងទុកថាសេចក្តីថ្លែងការណ៍របស់ Luka Modric នឹងជួយឲ្យក្លឹបយក្សអ៊ីតាលីមួយនេះជៀសផុតអំពីការដាក់ទណ្ឌកម្មពីសំណាក់ FIFA បន្ទាប់ពីមានពាក្យបណ្តឹងជាផ្លូវការរបស់ក្លិប Real Madrid ។ ក្រុម Los Blancos បានបន្ទោសក្រុម Nerazzurri ( Inter ) ថាបានធ្វើកិច្ចចរចាជាមួយ Modric ជាមួយនឹងកិច្ចសន្យារបស់គាត់ ។ យោងតាម Calcio Mercato បានឱ្យដឹងទៀតថាភាគីអ៊ីតាលីបានឆ្លើយតបទៅនឹងការចោទប្រកាន់តាមរយៈលិខិតផ្ញើទៅឱ្យ FIFA ថាពួកគេមិនដែលធ្វើអ្វីខុសទេព្រោះពួកគេមិនដែលបានចរចាជាមួយ Luka Modric នោះឡើយ ។ ខណះ Diario AS ក៏បានចុះផ្សាយផងដែរកាលពីថ្ងៃសៅរ៍ថា Luka Modric បានសម្រេចចិត្តបដិសេធការផ្តល់យ៉ាងធំរបស់ក្រុម Inter និងសន្យាបន្តស្នាក់នៅជាមួយ Real Madrid ហើយពាក្យចចាមអារ៉ាមដែលទាក់ទងគាត់ជាមួយនឹងការផ្លាស់ទៅក្របខ័ណ្ឌ Serie A នៅតែបន្តកើតឡើងដ៏ដែល ។
បន្ទាប់ពីការប្រកួតដណ្ដើមពានរង្វាន់ UEFA Super Cup ជាមួយក្លឹប Atletico រួចមកលោក Emilio Butragueno នាយកកីឡារបស់ក្លឹប Real Madrid បានបញ្ចប់ភាពមន្ទិលសង្ស័យដែលទាក់ទងនឹងខ្សែបម្រើ Luka Modric ជាមួយនឹងការផ្ទេរទៅប្រទេសអ៊ីតាលីដោយនិយាយថា៖ “មិនមានអ្វីខុសទេជាមួយ Luka Modric ហើយគាត់ពិតជារីករាយណាស់ក្នុងការបន្តជាមួយយើង” ៕
ដោយ៖តារា