
ខ្សែបម្រើដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018 បានពន្យល់ពីមូលហេតុដែលខ្លួនសម្រេចចិត្តចាកចេញពីក្លឹបយក្សអេស្ប៉ាញ Real Madrid ទៅចូលរួមជាមួយក្លឹបយក្សអង់គ្លេស Chelsea ។
កីឡាករ Mateo Kovacic ខ្សែបម្រើក្រុមជម្រើសជាតិក្រូអាតបានសម្រេចចិត្តចូលរួមជាមួយក្រុមតោខៀវលើកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាល ដែលជាការផ្ទេរមួយដែលត្រូវបាននិយាយថាគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងការផ្ទេរអ្នកចាំទីសញ្ជាតិបែលហ្ស៊ិក Thibaut Courtois ដែលបានផ្ទេរទៅកាន់ក្លឹប Real Madrid ក្នុងតម្លៃខ្លួន ៣៥ លានផោន ។ បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងនៅលើទឹកកីឡាដ្ឋាន Stamford Bridge ក្នុងជ័យជម្នះ ៣-២ លើក្លឹបកាំភ្លើងធំ Arsenal កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ខ្សែបម្រើនេះបាននិយាយពីមូលហេតុដែលគាត់បានជ្រើសរើសចូលរួមជាមួយក្លឹបនៅទីក្រុងឡុង ។
អតីតកីឡាកររបស់ក្លឹប Inter Milan ខ្សែបម្រើ Mateo Kovacic បានប្រាប់ Sport Klub ថា៖ “ខ្ញុំសប្បាយរីករាយណាស់ដោយសារតែការទទួលជ័យជម្នះ ។ ខ្ញុំមានអារម្មណ៍ល្អ ខ្ញុំខកខានការលេងនេះយូមកហើយ តែខ្ញុំទើបតែចូលរួមក្រុម ។ ខ្ញុំធ្វើការល្អនិងកំពុងកែលម្អ ។ វាជារឿងសំខាន់សម្រាប់ខ្ញុំបន្ទាប់ពីបីឆ្នាំមក ហើយដោយគ្មានការបន្តលេងនៅម៉ាឌ្រីដដើម្បីស្វែងរកក្រុមនិងគ្រូបង្វឹកដែលចង់បានខ្ញុំ ហើយរឿងនោះបានកើតឡើងនៅក្នុង Chelsea ។ ក្លឹបដែលចង់បានខ្ញុំនិងគ្រូបង្វឹកដែលជឿជាក់លើខ្ញុំ ។ នោះហើយគឺជាអ្វីដែលខ្ញុំត្រូវការ ។ លោក Maurizio Sarri ស្គាល់ខ្ញុំអស់រយៈពេលជាយូរហើយខ្ញុំបានមើលការប្រកួតជាច្រើនរបស់គាត់ ។ គាត់ចូលចិត្តលេង ក្រុមនេះគឺអស្ចារ្យ ជាមួយនឹងកីឡាករដ៏ល្បីៗជាច្រើន ។ ខ្ញុំមិនរំពឹងថាវានឹងពិបាកសម្រាប់ខ្ញុំក្នុងការសម្របខ្លួន ” ។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានបង្ហាញខ្លួន ១០៩ ប្រកួតឱ្យក្លឹបអធិរាជស Real Madrid ចាប់តាំងពីបានចូលរួមជាមួយក្លឹបកាលពីឆ្នាំ ២០១៥ ដោយស៊ុតបញ្ចូលទីបានត្រឹមតែ ៣ គ្រាប់ និងបញ្ចូនបាល់ឲ្យគេស៊ុតបានចំនួនតែ ៨ លើកតែប៉ុណ្ណោះ ៕
ដោយ៖តារា