កុំចេះតែហ៊ាន! សូម្បីតែ FBI ក៏ព្រមានពីការបោកប្រាស់ធ្វើជាស្រឡាញ់តាមអ៊ីនធឺណិតដែរ

315839
  • នេះមិនមែនជារឿងថ្មីនោះទេដែលករណីជនខិលខូចប្រើល្បិចបោកប្រាស់ស្នេហាតាមប្រព័ន្ធអ៊ីនធឺណិត នៅពេលដែលពួកគេមានទំនាក់ទំនងស្នេហាដោយមិនបានជួបគ្នាផ្ទាល់ ហើយពួកគេធ្វើជាស្រឡាញ់ និងបញ្ចុះបញ្ចូលលួងលោមជនរងគ្រោះដើម្បីបោកប្រាស់យកលុយ។ រឿងនេះមិនមែនកើតមានតែនៅបណ្តាប្រទេសផ្សេងៗនោះទេ សូម្បីតែនៅក្នុងប្រទេសកម្ពុជាយើង ក៏មានករណីបែបនេះកើតឡើងជាច្រើនកន្លងមកផងដែរ។ ថ្មីៗនេះ FBI កំពុងព្រមានដល់បុគ្គលទាំងឡាយណាដែលប្រើកម្មវិធីណាត់ជួបតាមអ៊ីនធឺណិត (Online Dating Apps) និងតាមរយៈទម្រង់ផ្សេងៗទៀត ដើម្បីឱ្យមានការប្រុងប្រយ័ត្ននឹងអ្នកបោកប្រាស់។

    យោងតាម FBI’s Internet Crime Complaint Center (IC3) បានឱ្យដឹងថា ខ្លួនបានទទួលពាក្យបណ្តឹងទាក់ទងទៅនឹងការបោកប្រាស់ស្នេហា ឬសេចក្តីទុកចិត្ត ជិត ២០,០០០បណ្តឹង កាលពីឆ្នាំ២០១៩ ដោយមានការខាតបង់ប្រាក់ជិតកន្លះពាន់លានដុល្លារ។ ការបោកប្រាស់ទាំងនេះមិនមែនគ្រាន់តែជាការខាតបង់ផ្នែកហិរញ្ញវត្ថុសម្រាប់ជនរងគ្រោះ ដែលកម្រនឹងទទួលបានមកវិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ក្លាយទៅជាបញ្ហាមួយទាក់ទងទៅនឹងសតិអារម្មណ៍ភ័យខ្លាចរបស់ពួកគេក្នុងការស្វែងរកដៃគូស្នេហាបន្តទៀត។

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំឱ្យបងប្អូនទាំងអស់ពិចារណានូវចំណុច សំខាន់ៗខាងក្រោមនេះដើម្បីចៀសវាងពីការបោកប្រាស់តាមរយៈការទំនាក់ទំនង ស្នេហាតាមប្រព័ន្ធអ៊ីនធឺណិត៖
    • ត្រូវដឹងថាតើរូបថត ឬប្រវត្តិរូបរបស់ពួកគេមានឃើញនៅតាមកម្មវិធី ឬប្រព័ន្ធបណ្តាញសង្គមផ្សេងៗទៀតអត់។
    • ប្រយ័ត្នចំពោះបុគ្គលដែលព្យាយាមឱ្យអ្នកចាកចេញពីកម្មវិធីណាត់ជួប ប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គម ដោយធ្វើជាសុំលេខទូរសព្ទរបស់អ្នកដើម្បីទំនាក់ទំនងវិញ។
    • ប្រយ័ត្នចំពោះបុគ្គលដែលសន្យាថានឹងជួបផ្ទាល់ តែបែរជារកលេសថាមិនអាចជួបវិញ។
    • សូមកុំផ្តល់ព័ត៌មានសំខាន់ៗដូចជា លេខសម្ងាត់ធនាគារ និងអាសយដ្ឋាន ជាដើម។
    • ចៀសវាងការផ្ញើប្រាក់ទៅមនុស្សដែលអ្នកមិនបានជួបដោយផ្ទាល់។
    • សូមកុំបង្កើតគណនីធនាគារឱ្យអ្នកដែលបានស្គាល់គ្នាតាមអ៊ីនធឺណិត។ ក្នុងករណីដែលជនបោកប្រាស់មិនអាចឱ្យផ្ញើប្រាក់ឱ្យពួកគេបាននោះ ពួកគេអាចនឹងព្យាយាមបញ្ឆោតអ្នកឱ្យទទួលប្រាក់ដែលបានពីជនរងគ្រោះផ្សេងទៀត៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី