
ប្រធានសហព័ន្ធបាល់ទាត់អាហ្សង់ទីន លោក Claudio Tapia បានមានប្រសាសន៍ថាលោកចង់ឃើញប្រធានក្រុមក្លិប Barcelona គឺកីឡាករ Lionel Messi កាត់បន្ថយការលេងខ្លះនៅក្លិបយក្សមួយនេះ ដើម្បីទុកកម្លាំងឲ្យមាំមួនសម្រាប់លេងនៅ World Cup ២០១៨ ខាងមុខនេះ។
ក្នុងចំណោម ២៣ ប្រកួតកន្លងមកក្នុងក្របខណ្ឌ La Liga អ្នកចាត់ការក្លិបគឺលោក Valverde បានដក Messi ចេញពីបញ្ជីក្រុម ១១ នាក់ដំបូងតែម្តងគត់គឺក្នុងការប្រកួតទល់នឹង Espanyol កាលពីថ្ងៃទី ៤ កុម្ភៈ តែបានដាក់រូបគេចូលលេងជំនួសវិញដោយជួយឲ្យក្រុមយកស្មើ ១–១។ ប្រធានសហព័ន្ធបាល់ទាត់អាហ្សង់ទីនរូបនេះបន្ថែមថា “ខ្ញុំសង្សឹមថាកីឡការគ្រប់រូបនឹងមានកម្រិតលេងល្អដូចពេលបច្ចុប្បន្ន។ កីឡាករ Sergio Aguero ពេលនេះកំពុងមានភាពលេចធ្លោ ចំណែក Messi វិញគឺតែងតែល្អជានិច្ចគ្រប់ការប្រកួត”។ លោកបន្តទៀតថា “រឿងនេះសំខាន់ណាស់សម្រាប់អ្នកចាត់ការ និងគ្រូបង្វិក។ យើងបាននិយាយជាមួយ Messi ពីរឿងថែទាំខ្លួន និងការគួរកាត់បន្ថយលេងខ្លះនៅក្លិបនេះរួចហើយ“។
Tapia ក៏បាននិយាយថា អាហ្សង់ទីនគ្រោងនឹងមានការប្រកួតមិត្តភាពមួយជាមួយទីក្រុងកាតាឡង់ នៅខែមិថុនា ជាផ្នែកមួយនៃការត្រៀមសម្រាប់ការប្រកួត World Cup នៅរុស្ស៊ី ដោយសង្ឃឹមថាពួកគេនឹងធ្វើបានល្អជាង ៤ ឆ្នាំមុននៅប្រស៊ីល ដែលបានត្រឹមជើងឯករង។ ប្រសិនបើមានការប្រកួតមិត្តភាពដូចបានលើកឡើងមែន នោះ Messi នឹងត្រូវជួបតទល់ជាមួយមិត្តរួមក្លិបដូចជាកីឡាករ Sergio Busquets Sergi Roberto និង Gerard Pique ជាដើម។
ដោយ៖ តារា