ជប៉ុន ចង់ធ្វើឱ្យសៀមរាបនិងកំពង់ធំ ក្លាយជាខេត្តកសិទេសចរណ៍ និងទេសចរណ៍ជនបទ ឈានមុខគេ

14252
  • ខេត្តសៀមរាប និងកំពង់ធំមានសក្ដានុពលខ្ពស់ក្នុងការវិនិយោគកសិទេសចរណ៍ និងទេសចរណ៍ជនបទ។ នេះបើយោងតាមរដ្ឋមន្ត្រីទេសចរណ៍ឧទ្ទេសនាមប្រាប់ក្រុមហ៊ុនជប៉ុន នៅក្នុងកិច្ចពិភាក្សាមួយជាមួយប្រតិភូជប៉ុន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

    ក្នុងឱកាសនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីសក្ដានុពលដ៏សម្បូរបែប ដែលអំណោយផលដល់ការវិនិយោគអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសគឺវិស័យអេកូទេសចរណ៍ កសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទ ដល់ក្រុមហ៊ុនជប៉ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី (Yamato Green Co.,Ltd) ដែលល្បីល្បាញខាងអភិវឌ្ឍន៍វិស័យទេសចរណ៍។ លោករដ្ឋមន្ត្រីក៏បានឧទ្ទេសនាមជូនលោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៉ីតុ (Nabeshima Katsuhito) អគ្គនាយកក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី និងគណៈប្រតិភូជប៉ុនបន្ថែមទៀតថា កម្ពុជា គឺជាមិត្តជិតស្និទ្ធរបស់ជប៉ុន និងស្វាគមន៍ជានិច្ចរាល់ការវិនិយោគរបស់ជប៉ុន ពិសេសគឺវិស័យទេសចរណ៍នេះតែម្ដង ពីព្រោះកម្ពុជាមានសក្ដានុពលយ៉ាងច្រើនសម្បូរបែប ដែលអំណោយសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍ ពិសេសគឺវិស័យអេកូទេសចរណ៍ វិស័យកសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទជាដើម។
    រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក៏បានណែនាំដល់ក្រុមហ៊ុនខាងលើឱ្យពិចារណាលើការវិនិយោគអភិវឌ្ឍវិស័យទេសចរណ៍ទាំង ៣ ប្រភេទខាងលើនេះ ខេត្តសៀមរាប និងខេត្តកំពង់ធំ គឺពិតជាអំណោយផលច្រើនបំផុតសម្រាប់ការវិនិយោគលើវិស័យកសិទេសចរណ៍ និងទេសចរណ៍ជនបទ ពិសេសការកសាងខ្សែក្រវាត់បៃតង បន្ទាប់ពីបានវិនិយោគនៅបាត់ដំបង និងខេត្តមណ្ឌលគីរី។ ម្យ៉ាងទៀត ក្រុមហ៊ុនគប្បីកសាងឱ្យបានគំរូមួយក្នុងខេត្តនីមួយៗមុននឹងពង្រីកទៅខេត្តដទៃ។

    លោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៉ីតុ បានលើកឡើងថា តាមរយៈគម្រោងអភិវឌ្ឍខ្សែក្រវាត់បៃតង ដែលពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ខាងលើនេះ ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន នឹងធ្វើឱ្យផលិតផលកសិកម្មរបស់កម្ពុជាក្លាយទៅជា «កសិទេសចរណ៍» ហើយភ្ញៀវទេសចរជាតិ-អន្តរជាតិអាចទទួលទានអាហារ ដែលមានស្រាប់នៅតាមតំបន់ទេសចរណ៍នីមួយៗ ប្រកបដោយសុវត្ថិភាព។ ជាងនេះទៅទៀត ភ្ញៀវទេសចរក៏អាចចូលរួមទស្សនាបច្ចេកទេសនៃការដាំដុះ និងថែទាំបានដោយផ្ទាល់ផងដែរ។

    គួរបញ្ជាក់ថា ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ក៏បាននិងកំពុងទទួលបានភាពជោគជ័យ និងមានភាពល្បីល្បាញណាស់ដែរ នៅក្នុងការអភិវឌ្ឍវិស័យកសិទេសចរណ៍ និងវិស័យអេកូទេសចរណ៍ នៅខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី។ ដោយសារកត្តានេះហើយ ទើបជំរុញឱ្យក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍ថ្មីជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺខ្សែក្រវាត់បៃតងខាងលើនេះឯង៕

    ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី