តេក្វាន់ដូ ITF កម្ពុជា ប្ដេជ្ញាយកមេដាយជូនជាតិ បើរាជរដ្ឋាភិបាលបើកឱ្យចូលរួមប្រកួត នៅស៊ីហ្គេម២០២៣

15399
  • ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ អាយ.ធី.អេហ្វ (ITF) កម្ពុជា ប្ដេជ្ញាស្វែងរកមេដាយជូនជាតិ ប្រសិនបើរាជរដ្ឋាភិបាល បើកភ្លើងខៀវឱ្យចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមសម្ដីលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ អាយ.ធី.អេហ្វ (ITF) កម្ពុជា។

    នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តាលកម្រិត «ក» កីឡាតេក្វាន់-ដូ IFT កម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡានេះ បានលើកឡើងថា ក្នុងការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ឱ្យតែបើកផ្លូវឱ្យប្រភេទកីឡាតេក្វាន់ដូ ITF ចូលរួមប្រកួតក្នុងស៊ីហ្គេម នោះយើងមិនធ្វើឱ្យក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ជាពិសេសគឺមិនធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ខកចិត្តជាដាច់ខាត។
    ជាមួយគ្នានេះ លោក កែវ រ៉េមី ក៏បានក្រើនរម្លឹកដល់សិក្ខាកាម ដែលជាចៅក្រមអាជ្ញាកណ្តាលកីឡាតេក្វាន់ដូ ITF ទាំងអស់ គប្បីត្រូវផ្តល់ភាពយុត្តិធម៌ ក្នុងការកាត់សេចក្តី ផ្តល់ពិន្ទុសម្រាប់ការប្រកួតរបស់កីឡាករ កីឡាការិនី ដោយផ្តល់នូវភាពយុត្តិធម៌ ដែលទទួលយកបាន និងមិនប្រកាន់បក្ខពួក។ ដើម្បីធ្វើឱ្យសម្រេចបាននូវភាពយុត្តិធម៌នេះ សហព័ន្ធបានធ្វើកំណែទម្រង់ផ្ទៃក្នុង ដោយកំពុងជំរុញប្រភេទកីឡាជំនាញមួយនេះឱ្យចូលក្នុងភាពភ្ញាក់ផ្អើល និងទទួលបានការគាំទ្រ រហូតដល់ក្រសួងអប់រំ យុវជន និងកីឡាដាក់បញ្ចូល តេក្វាន់ដូ ITF នៅក្នុងការប្រកួតកីឡាជាតិ និងដាក់ឱ្យត្រៀមខ្លួន សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ទៀតផង។ ដើម្បីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត គឺត្រូវពឹងផ្អែកទៅលើការដាក់ពិន្ទុរបស់ចៅក្រម អាជ្ញាកណ្តាល ដើម្បីផ្តល់ភាពយុត្តិធម៌ជូនកីឡាករ កីឡាការិនី ឈ្នះដោយសមត្ថភាពពិតប្រាកដ ក្នុងការប្រកួតនានា។

    លោកប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ “ប្រសិនបើឈ្នះក្នុងភាពលម្អៀង ប្រកាន់បក្ខពួក តើការឈ្នះនោះមានប្រយោជន៍អ្វី? មានន័យថា ប្រសិនបើឈ្នះ គឺចេញទៅឱ្យគេស្ញប់ស្ញែង ដើម្បីឱ្យគេទទួលស្គាល់ថា ពិតជាពូកែប្រកបដោយសមត្ថភាពពិតប្រាកដតែម្តង ។ យើងចង់បានការឈ្នះដោយរបៀបនេះ”៕

    ដោយ៖ វិទូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី