អស់ទ្រាំ! តារាជើងស៊ុតរូបនេះ នឹងចាកចេញពី Spurs ភ្លាមៗ បើក្លិបនៅតែបន្តមិនឈ្នះពានទៀត

541317
  • Harry Kane គួរតែចាកចេញពីក្លិប Tottenham Hotspur នៅរដូវក្ដៅឆ្នាំ ២០២១ ប្រសិនបើវត្តមានរបស់ Gareth Bale និង Jose Mourinho នៅតែធ្វើឱ្យក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍ បន្តបរាជ័យក្នុងការលើកពានទៀត។

    Spurs បានដាក់ផែនការប្រកបដោយមហិច្ឆតា ដើម្បីលើកពានក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះ ដែលបានរង់ចាំយូរអស់រយៈពេលជាយូរមកហើយ ប៉ុន្តែនៅតែបន្តបរាជ័យ។ ការឈ្នះពាន League Cup កាលពីឆ្នាំ ២០០៨ ជាការឈ្នះពានលើកចុងក្រោយរបស់ក្រុម Tottenham ជាមួយនឹងការខកខានជាច្រើនលើក រាប់បញ្ចូលទាំងការបង្ហាញខ្លួននៅវគ្គផ្ដាច់ព្រ័ត្រក្របខ័ណ្ឌ Champions League ផងដែរ។ មិនមានការសង្ស័យទេថា Spurs ជាបេក្ខភាពកំពូលមួយក្នុងការប្រជែងពាននៅរដូវកាលនេះ ក្រោយពីពួកគេបាននាំយកកីឡាករអន្តរជាតិវេលស៍ ខ្សែប្រយុទ្ធ Bale ត្រលប់មកក្លឹបវិញ ជាពិសេសស្ថិតក្រោមការដឹកនាំរបស់កំពូលគ្រូបង្វឹករហ្ស័សនាម Special One លោក Jose Mourinho ។ ជាមួយគ្នា វីរបុរសជម្រើសជាតិអង់គ្លេសលោក Glenn Hoddle បានជម្រុញឱ្យតារាជើងស៊ុត Harry Kane ចាកចេញពីក្រុមមាន់ខ្នាយមាស Spurs ប្រសិនបើក្លិបមួយនេះនៅតែមិនអាចឈ្នះពានអ្វីសោះ នារដូវកាលថ្មីនេះ ដើម្បីស្វែងរកក្លិបថ្មីដែលសាកសមជាមួយសមត្ថភាពរបស់កំពូលខ្សែប្រយុទ្ធជួមុខរូបនេះ។

    អតីតកីឡាករនិងគ្រូបង្វឹករបស់ក្រុមមាន់ខ្នាយមាសរូបនេះបានប្រាប់ The Gary Newbon Sport Show ថា៖ “Harry Kane ត្រូវការឈ្នះមួយចំនួននៅចុងបញ្ចប់នៃរដូវកាលនេះ ប្រសិនបើគាត់នឹងស្នាក់នៅ។ ខ្ញុំគិតថា Gareth Bale មកដើម្បីឈ្នះពានរង្វាន់សម្រាប់ Tottenham ខ្ញុំគិតថា Son គឺជាមនុស្សម្នាក់ទៀតដែលចង់ឈ្នះអ្វីសម្រាប់ Tottenham”។

    លោក Hoddle បន្តទៀតថា៖ “មានកីឡាករជាច្រើននៅទីនោះដែលបានខិតខំកសាង Tottenham យ៉ាងច្រើនក្នុងរយៈពេល ៤ ឬ ៥ ឆ្នាំចុងក្រោយ និងឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ប៉ុន្តែពួកគេមិនបានឈ្នះអ្វីទាំងអស់”៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី