ក្រុមហ៊ុនផលិតនាឡិកាយក្ស Swatch បានទទួលរងការវាយប្រហារពីជនអនាមិក

15177
  • ក្រុមហ៊ុនផលិតនាឡិកាដ៏ធំបំផុតនៅក្នុងពិភពលោក Swatch បានទទួលរងការវាយប្រហារពីជនអនាមិក។ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា។

    បច្ចេកវិទ្យាបានរួមចំណែកយ៉ាងច្រើនក្នុងការវិវឌ្ឍរបស់ពិភពលោកយើងនេះ ជាពិសេសអង្គភាព ស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុនស្ទើរតែទាំងអស់ ដែលបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាដើម្បីបំពេញតម្រូវការ និងបង្កើនភាពងាយស្រួលដល់អង្គភាពខ្លួន។ ផ្ទុយទៅវិញ ទន្ទឹមនឹងមានភាពងាយស្រួល និងមានទំនើបកម្មផងនោះ ក៏នៅតែមានហារនិភ័យជាច្រើនដែលបានកើតឡើងពីបញ្ហាបច្ចេកវិទ្យាទាំងនេះផងដែរ ដូចជាការវាយប្រហារពីក្រុមជនអនាមិកផ្សេងៗ ដោយយើងអាចនិយាយបានថា បច្ចេកវិទ្យាប្រៀបបានដូចជាអាវុធមុខពីរអ៊ីចឹង។
    កាលពីពេលថ្មីៗនេះ ផ្នែកខ្លះនៃប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Swatch ត្រូវបានបិទបន្ទាប់ពីក្រុមហ៊ុនបានរកឃើញថា មានការវាយប្រហារកាលពីចុងសប្ដាហ៍នេះ។ បើតាមរយៈការផ្សព្វផ្សាយសារអ៊ីមែលរបស់ក្រុមហ៊ុនបានបង្ហាញថា អ្នកវាយប្រហារបានជ្រៀតចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រមេ (Server) ហើយពួកគេកំពុងតែធ្វើការស្រាវជ្រាវ ថាតើទិន្នន័យណាខ្លះដែលត្រូវបានលួច ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា វានឹងពុំមានការទាក់ទងជាមួយទិន្នន័យរបស់អតិថិជនទេ។ ក្រុមហ៊ុនក៏បានបញ្ជាក់បន្ថែមទៀតថា ផ្នែកខ្លះនៃប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីការពារពីការវាយប្រហារនេះ ដែលធ្វើឱ្យមានការប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការខ្លះៗ ប៉ុន្តែក្រុមហ៊ុននឹងព្យាយាមកែតម្រូវបញ្ហានេះឱ្យបានឆាប់រហ័សបំផុត។

    ដោយឡែកងាយមកប្រទេស ក្នុងតំបន់អាស៊ានយើងវិញក៏ធ្លាប់បានជួបបញ្ហាការវាយប្រហារពីក្រុមជនអនាមិកជាច្រើនកន្លងមករួចហើយដែរ ដូចជាការវាយប្រហារទៅលើប្រព័ន្ធគ្រប់គ្រងរបស់មន្ទីរពេទ្យ និងក្រុមហ៊ុនជាច្រើននៅប្រទេសថៃដែលនាយកដ្ឋានបានផ្សព្វផ្សាយកាលពីដើមខែនេះ។ ជាការក្រើនរំឭក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់ ក៏ដូចជាក្រុមហ៊ុនទាំងឡាយ មានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ត្រូវបង្កើនប្រព័ន្ធសុវត្ថិភាពឱ្យបានខ្ពស់ ចៀសវាងមានការវាយប្រហារពីក្រុមជនអនាមិកដោយយថាហេតុ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី