
អវត្តមានរបស់កីឡាករ Cristiano Ronaldo សម្រាប់ព័រទុយហ្កាល់នឹងក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនៅពេលដែលពួកគេប្រឈមមុខនឹងក្រុមខ្លាំងស៊ុយអែត នៅក្នុងព្រឹត្តិការណ៍ UEFA Nations League នៅយប់ថ្ងៃពុធ។
ខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus នឹងត្រូវបង្ខំចិត្តខកខានអវត្តមានពីការប្រកួត បន្ទាប់ពីតេស្តវិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃអង្គារម្សិលមិញនេះ។ ក្រោយពីពិនិត្យឃើញមានផ្ទុកមេរោគដ៏កាចសាហាវ ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រូពេទ្យយកទៅដាក់ដាច់ដោយឡែក ហើយនឹងត្រូវខកខានការប្រកួតជាច្រើន ខណៈគ្រូបង្វឹករបស់គាត់គឺលោក Fernando Santos បាននិយាយថា អវត្តមានរបស់ខ្សែប្រយុទ្ធចាស់វស្សា Ronaldo គឺជាបាត់បង់ដ៏ធំមួយ។
ឆ្លើយតបនឹងសំណួរទាក់ទងនឹងតារាឆ្នើមរបស់គាត់ លោក Santos បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖ “គាត់គ្រាន់តែនិយាយថាគាត់ចង់លេង។ កីឡាករណាដែលអវត្តមានដោយសារមេរោគកូវីដ-១៩ គឺជាការបាត់បង់ដ៏ធំមួយ ហើយអវត្តមានរបស់ Ronaldo គឺប្រហែលជាធំជាងនេះទៅទៀត។ ប៉ុន្តែខ្ញុំមានទំនុកចិត្តដាច់ខាតចំពោះកីឡាករទាំងនោះដែលនឹងត្រូវទៅប្រកួត”។
គួរជម្រាបជូនថា អតីតកីឡាករ Manchester United និង Real Madrid ម្ចាស់ពាន Balonn D’or ៥សម័យកាល Cristiano Ronaldo ត្រូវបានមន្ត្រីពេទ្យបញ្ជាក់កាលពីថ្ងៃទី១៣ ខែតុលានេះថា រូបគេបានឆ្លងជំងឺដ៏កាចសាហាវកូវីដ-១៩ ដែលអាចឱ្យគេនៅឆ្ងាយពីទីលានមួយរយៈធំ ខណៈបញ្ហាសុខភាពរបស់ CR7 មិនមានអ្វីធ្ងន់ធ្ងរនោះទេ ហើយគេរំពឹងថា ខ្សែប្រយុទ្ធជើងចាស់រូបនេះនឹងជាសះស្បើយក្នុងពេលឆាប់ៗនេះ៕
ដោយ៖ តារា