
Gerard Deulofeu បានចូលរួមជាមួយក្លិបថ្មី ដោយបានចុះហត្ថលេខាជាមួយ Udinese ក្នុងរដូវក្តៅនេះ ហើយគាត់កំពុងរីករាយនឹងទទួលបានជោគជ័យនៅពេលដែលគាត់បានវិលត្រឡប់មកកាន់ Serie A ដែលជាលីគមួយដែល idol របស់គាត់ Ronaldinho លេងឱ្យ AC Milan ។
ខ្សែប្រយុទ្ធស្លាបអេស្ប៉ាញវ័យ ២៦ឆ្នាំខាងលើបាននិយាយអំពីការកោតសរសើររបស់ខ្លួនចំពោះវីរបុរសប្រេស៊ីលអតីតកីឡាករកំពូលរបស់ Barca លោក Ronaldinho និងម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាល Lionel Messi ដែលបច្ចុប្បន្នជាកំពូលកីឡាកររបស់ពិភពលោក ប៉ុន្តែ Deulofeu បានអះអាងថាអតីតខ្សែប្រយុទ្ធ AC Milan និង PSG គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ មិនមែន Messi នោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយវេបសាយផ្លូវការរបស់ Serie A អតីតកីឡាករ Barcelona បានឱ្យដឹងថា៖ “សម្រាប់ខ្ញុំ Ronaldinho គឺជាកីឡាករឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំបានជួបគាត់ ខ្ញុំបានទៅមើលការប្រកួតមួយនៅឯ Camp Nou ហើយគាត់កំពុងអង្គុយក្បែរខ្ញុំ។ វាគឺជាបទពិសោធន៍ដ៏អស្ចារ្យ។ Messi ក៏មិនគួរឱ្យជឿដែរ ខ្ញុំចូលចិត្តគាត់ខ្លាំងណាស់។ ខ្ញុំបានលេងជាមួយគាត់អស់រយៈពេល ៦ ខែ ហើយគាត់ជាមនុស្សល្អ និងជាកីឡាករឆ្នើមម្នាក់។ ពិភពលោកទាំងមូលដឹងអំពី Messi”៕
ដោយ៖ វិទូ