
Thibaut Courtois ជឿជាក់ថា Eden Hazard នឹងធ្វើបានល្អបំផុតនៅ Real Madrid បន្ទាប់ពីការរងរបួសជាញឹកញាប់ចាប់តាំងពីផ្លាស់មកកាន់ទឹកដីអេស្ប៉ាញ។
Hazard មិនទាន់បង្ហាញខ្លួនសូម្បីតែមួយប្រកួតសម្រាប់ Real Madrid នៅរដូវកាលនេះនោះទេ ដោយគាត់បានរងរបួសសាច់ដុំនៅអំឡុងការហ្វឹកហាត់ ខណៈដែលគាត់ជិតវិលត្រឡប់មកទីលានវិញហើយ។ កីឡាករឆ្នើមរូបនេះបានព្យាយាមយ៉ាងខ្លាំងសម្រាប់ក្រុមយក្ស La Liga ក្នុងរដូវកាលដំបូងរបស់គាត់ បន្ទាប់ផ្លាស់ពីក្រុមតោខៀវ Chelsea កាលពីឆ្នាំមុន។ ប៉ុន្តែមិត្តរួមក្រុមរបស់ប៊ែលហ្សិក និងម៉ាឌ្រីត Courtois ជឿថា យើងនឹងឃើញ Hazard ល្អបំផុតនៅទឹកដី Santiago Bernabeu ។
អ្នកចាំទីរូបនេះបានប្រាប់ Cadena SER កាលពីថ្ងៃពុធថា៖ “Hazard ខ្ញុំគ្មានការសង្ស័យទេ ខ្ញុំប្រាកដថាយើងនឹងបានឃើញ Eden Hazard ល្អបំផុត។ គាត់គឺជាមនុស្សទីមួយដែលមានបំណងចង់បង្ហាញវា។ ខ្ញុំបានឃើញគាត់ច្បាស់ ហើយសង្ឃឹមថាឆាប់ៗនេះគាត់នឹងបង្ហាញវា”។
អតីតអ្នកចាំទី Chelsea ខាងលើបន្តថា៖ “មុនពេលគាត់រងរបួស គាត់លេងការប្រកួតបានយ៉ាងល្អ ហើយនៅទីនោះគាត់មានសំណាងអាក្រក់ ហើយការចេញពីនោះមិនងាយស្រួលទេ។ តែពេលនេះខែនេះ ខ្ញុំបានឃើញគាត់ហ្វឹកហាត់បានល្អ។ ខ្ញុំជឿជាក់ថាមិនមានពេលទេ គាត់នឹងផ្ទុះឡើង ហើយនឹងផ្តល់នូវភាពរីករាយដល់ក្រុម”៕
ដោយ៖ វិទូ