Ronaldo បំពានបម្រាមការទប់ស្កាត់ការរីករាលដាលកូវីដ-១៩ របស់អ៊ីតាលី ប្រឈមជាប់ទោស

35120
  • លោក Vincenzo Spadafora រដ្ឋមន្រ្តីក្រសួងកីឡារបស់ប្រទេសអ៊ីតាលីបាននិយាយថា កីឡាករ Cristiano Ronaldo អាចនឹងបំពានបម្រាមនៃការទប់ស្កាត់ការរីករាលដាលមេរោគឆ្លងកូវីដ-១៩ ដោយបានវិលត្រឡប់ទៅទីក្រុង Turin វិញ ទោះបីជាគាត់បានធ្វើតេស្តិ៍វិជ្ជមានសម្រាប់កូវីដ-១៩ ក៏ដោយ។

    ម្ចាស់ពានរង្វាន់ Ballon D’or ៥ សម័យកាលត្រូវបានបង្ខំឱ្យស្ថិតនៅដាច់ដោយឡែកពីគេ ខណៈពេលដែល Ronaldo បំពេញកាតព្វកិច្ចអន្តរជាតិ។ ខ្សែប្រយុទ្ធចាស់វស្សាររូបនេះបានធ្វើការប្រកួតចំនួនពីរលើកសម្រាប់ប្រទេសរបស់គាត់ ទល់នឹងក្រុមមាន់គក់បារាំង និងគោជល់អេស្ប៉ាញ ប៉ុន្តែត្រូវបានដកចេញពីបញ្ជីការប្រកួត ដែលព័រទុយហ្កាល់យកឈ្នះលើក្រុមជម្រើសជាតិស៊ុយអែត ៣-០ ក្នុងដំណើរឆ្ពោះទៅការពារតំណែងជើងឯកពាន UEFA Nations League ។ ក្រោយខកខានជួយក្រុមជម្រើសជាតិ Ronaldo បានធ្វើដំណើរត្រឡប់ទៅប្រទេសអ៊ីតាលីវិញ ដើម្បីទៅព្យាបាលនៅទីនោះ។ កំពូលតារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus បានទៅដល់នៅល្ងាចថ្ងៃពុធនេះ ខណៈក្រុមការងាររបស់គាត់បានអះអាងថា Serie A បានបើកភ្លើងខៀវជូនគាត់ ក្នុងត្រឡប់មកអ៊ីតាលីវិញ ដោយត្រូវធ្វើដំណើរតាមយន្ដហោះឯកជន។

    Juventus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “Cristiano Ronaldo បានវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញជាមួយនឹងជើងហោះហើរមានវេជ្ជសាស្រ្តតាមមើលថែ ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរសុខភាពដែលពាក់ព័ន្ធតាមសំណើរបស់កីឡាករ ហើយនឹងបន្តនៅដាច់ដោយឡែករបស់គាត់ នៅផ្ទះរបស់គាត់ជាបន្តទៀត”។

    ប៉ុន្តែជាមួយគ្នានេះ រដ្ឋមន្ត្រីកីឡាអ៊ីតាលីលោក Spadafora បានអះអាងថា មិនបានដឹងអំពីកិច្ចព្រមព្រៀងណាមួយដែលអនុញ្ញាតឱ្យ Ronaldo ធ្វើដំណើរនៅពេលដែលគាត់ត្រូវបានគេតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ។ ការសួរដេញដោលដោយវិទ្យុ Rai Radio អំពីថាតើ Ronaldo បានរំលោភបម្រាបឬអត់ នោះលោក Spadafora បាននិយាយថា៖ “ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរសុខាភិបាលខ្ញុំគិតថា គាត់ (Ronaldo) បានរំលោភលើពិធីសារនេះ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី