
ទាំង Real Madrid និង Barcelona បានទទួលបរាជ័យព្រមគ្នានៃការប្រកួតក្របខណ្ឌ La Liga Santander ក្នុងជំនួបប្រចាំសប្ដាហ៍ទី៦។
ក្រុមការពារតំណែងជើងឯកលីគកំពូលអេស្ប៉ាញ Real Madrid ត្រូវបានក្រុមថ្មីថ្មោងទើបនឹងឡើងពីលីគលំដាប់ទី២ Cadiz ដណ្ដើមបាន ៣ពិន្ទុដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីរាត្រីថ្ងៃសៅរ៍ទី១៧នេះ ក្រោយពីកីឡាករ Anthony Lozano ស៊ុតបើកឆាកតាំងពីនាទី ១៦ លើទឹកដី Santiago Bernabeu ខណៈលទ្ធផល ០-១នេះ បានធ្វើឱ្យក្រុមម្ចាស់ផ្ទះស្គាល់បរាជ័យជាលើកនៅរដូវកាល២០២០/២១។
ចំណែកឯក្រុមគូរប្រកួតប្រជែងស្លាប់រស់របស់ក្រុមអធិរាជស Real Madrid ក្លិប Barcelona ក៏បានបរាជ័យជាលើកដំបូងរបស់ខ្លួននៅរដូវកាលថ្មីនេះផងដែរ ក្រោយមិនអាចទប់ជាប់ពីការស៊ុតមិនប្រណីរបស់ក្រុម Getafe ស្របពេលក្រុមរបស់លោក Ronald Koeman ស៊ុតចេញបាន ៧ដង ប៉ុន្តែចំគោលដៅតែ ១គ្រាប់ប៉ុណ្ណោះ ដែលនេះជាកំណត្រាអន់បំផុតរបស់ខ្លួន។ ១គ្រាប់របស់ Getafe រកបានដោយកីឡាករ Jaime Mata ពីបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី៥៦ ដែលក្រុមម្ចាស់ផ្ទះដណ្ដើមបាន ៣ពិន្ទុងាយៗពីក្រុមភ្ញៀវ Barca។
គួរជម្រាបជូនថា គិតមកត្រឹមសប្ដាហ៍ទី៦ ក្រុមឈរនៅកំពូលតារាងគឺ ក្រុមស្ដេចស Real Madrid របស់លោក Zidane ដោយមាន ១០ពិន្ទុពីការឆ្លងកាត់ ៥លើក ឈ្នះ ៣ប្រកួត ស្មើរនិងចាញ់ ១លើកដូចគ្នា ខណៈក្រុមអ្នកមានបុណ្យ Barcelona ឈរនៅចំណាត់ថ្នាក់ទី៩ មាន ៧ពិន្ទុ ដោយក្នុង ៤ប្រកួតពួកគេឈ្នះ ២លើក ស្មើរនិងចាញ់ ១ដូចគ្នា ប៉ុន្តែ Barca នៅសល់ ២ប្រកួតទៀតនៅក្នុងដៃ៕
ដោយ៖ តារា