ពានរង្វាន់វាយកូនបាល់សម្តេចក្រឡា ហោម ស ខេង ឆ្នាំ២០២០ បញ្ចប់ដោយជោគជ័យ

13142
  • ពានរង្វាន់វាយកូនបាល់សម្តេចក្រឡា ហោម ស ខេង លើកទី៣ ឆ្នាំ២០២០ បានបញ្ចប់រួចរាល់ជាស្ថាពហើយ កាលពីថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីចាយរយៈពេល៣ថ្ងៃ។

    នៅក្នុងឱកាសនោះលោក ជា ហ៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង និងជាប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃបានលើកឡើងថា ការប្រកួតឆ្នាំនេះដោយសារបញ្ហាកូវីដ-១៩ ទើបព្រឹត្តិការណ៍នេះមានការចូលរួមពីកីឡាករ កីឡាការិនីកម្ពុជា និងបរទេសចំនួន១១ ប្រទេស ដែលបម្រើការងារក្នុងស្រុកខ្មែរ ដែលមានចំនួន៤៥នាក់ ហើយនៅឆ្នាំខាងមុខ ប្រសិនបើស្ថានភាពវិបត្តិជំងឺផ្លូវដង្ហើមនេះល្អប្រសើរឡើងវិញ នឹងបង្កើតការប្រកួតកីឡាវាយកូនបាល់ដណ្តើមពានរង្វាន់សម្តេចក្រឡា ហោម ស ខេង លើកទី៤ នាឆ្នាំ២០២១ឱ្យបានធំជាងនេះជាមួយនឹងការបង្កើនប្រាក់រង្វាន់ជូនដល់ម្ចាស់ជ័យលាភីច្រើនជាងឆ្នាំនេះផងដែរ។

    គួរឱ្យដឹងថា ការប្រកួតនេះមានកីឡាករ-កីឡាការិនីចូលរួមប្រកួតប្រជែងមេដាយចំនួន ៨៥នាក់ ក្នុងនោះខ្មែរ៣៩នាក់ និងកីឡាករ-កីឡាការិនីចូលរួមប្រកួតតំណាងប្រទេសចំនួន១០ប្រទេសផ្សេងទៀត ដែលកីឡាករបរទេស គឺជាអ្នកបម្រើការងារនៅក្នុងស្រុកខ្មែរ។ ចំពោះវិញ្ញាសា ដែលដាក់ឱ្យប្រកួតមានចំនួន៥វិញ្ញាសា ដែលកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិដណ្តើមបានជ័យលាភី ដូចជាវិញ្ញាសាឯកត្តជន យុវជន យុវនារីក្រោម១៦ឆ្នាំ ឯកត្តជននារី វាយគូនារី វាយគូបុរស-B និងវិញ្ញាសាវាយគូបុរស-A៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី