គ្រូបង្វឹកម្នាក់ថា លោកមិនយល់សោះហេតុអ្វីបានជា Zlatan មិនឈ្នះ Ballon D’or ទៅជា Ronaldo ឈ្នះវិញ

57283
  • Zlatan Ibrahimovic បានជះឥទ្ធិពលកាន់តែខ្លាំងទៅលើបាល់ទាត់អ៊ីតាលីច្រើនជាងកីឡាករ Cristiano Ronaldo នេះបើយោងតាមលោក Alberto Zaccheroni អតីតគ្រូបង្វឹកក្រុម Juventus ។

    បុរសវ័យ ៣៩ ឆ្នាំរូបនេះបានជះឥទ្ធិពលយ៉ាងខ្លាំងចាប់តាំងពីបានចូលរួមជាមួយក្រុម AC Milan ក្នុងខែមករា ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ២០ លើកនៅពាក់កណ្តាលរដូវកាលឆ្នាំ ២០១៩-២០។ គាត់មានទម្រង់លេងគួរឱ្យចាប់អារម្មណ៍នៅរដូវកាលនេះ បើទោះបីជាបានខកខានជិតមួយខែបន្ទាប់ពីបានឆ្លងវីរុសកូវីដ-១៩ ដោយរកគ្រាប់បាល់សរុបរហូតដល់ទៅ ៤ គ្រាប់ក្នុងរយៈពេលតែ ២ ប្រកួតប៉ុណ្ណោះ ជាពិសេសរកបាន ២គ្រាប់ទល់នឹងក្រុម Inter កាលពីចុងសប្តាហ៍នេះ។ ខ្សែប្រយុទ្ធឆ្នើម Ibrahimovic បានចំណាយពេលពីរឆ្នាំជាមួយ AC Milan នៅក្នុងអាជីពដ៏ឆ្នើមរបស់គាត់ ជាពិសេសការជួយឱ្យក្រុមគ្រងតំណែងជើងឯកក្របខណ្ឌ Serie A ក្នុងឆ្នាំ២០១១។

    ទន្ទឹមនឹងនេះ Ronaldo ទើបតែសាងស្នាដៃនៅលើទឹកដីអ៊ីតាលីប៉ុណ្ណោះ ចាប់តាំងពីលោកបានចូលរួមជាមួយ Juventus ពីក្រុមស្ដេចស Real Madrid ក្នុងឆ្នាំ ២០១៨ ដោយរកបាន ៦៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៩១ ដងនៅគ្រប់ការប្រកួតទាំងអស់។ ទោះយ៉ាងណាគ្រូបង្វឹកលោក Zaccheroni មិនប្រាកដថាកីឡាកររូបណាដែលមានឥទ្ធិពលខ្លាំងជាងគេនៅ Serie A នោះទេ។

    គាត់បានប្រាប់ Il Giornale ថា៖ “ខ្ញុំបានបង្វឹកជើងឯកដ៏អស្ចារ្យក្នុងអាជីពរបស់ខ្ញុំតាំងពី Bierhoff ដល់ Weah និងរហូតដល់ Adriano ប៉ុន្តែការសោកស្តាយតែមួយគត់ដែលខ្ញុំមានគឺ ខ្ញុំមិនដែលបង្ហាត់ Ibrahimovic។ គាត់គឺអស់កល្បជានិច្ច ហើយខ្ញុំនៅតែមិនយល់ពីមូលហេតុដែលគាត់មិនដែលឈ្នះ Ballon d’Or ។ នៅក្នុងប្រទេសអ៊ីតាលីគាត់បានផ្លាស់ប្តូរតុល្យភាពច្រើនជាង Ronaldo។ វាមិនមែនជារឿងចៃដន្យទេដែលកីឡាករវ័យក្មេងជាច្រើនមានការរីកចម្រើនខ្លាំង ចាប់តាំងពីគាត់បានមកដល់។ គាត់មិនត្រឹមតែរកគ្រាប់បាល់បានទេ គាត់បញ្ជូនភាពជឿជាក់ដល់មិត្តរួមក្រុមរបស់គាត់ ទាំងដឹកក្រុមនៅស្មារបស់គាត់ក្នុងពេលដ៏លំបាក”៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី