
ខ្សែប្រយុទ្ធចាស់វស្សា Wayne Rooney អាចនឹងត្រូវចូលធ្វើការជាលើកដំបូងក្នុងនាមការបង្វឹក ខណៈបច្ចុប្បន្នអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ នៅតែជាកីឡាករនៅឡើយ។
យោងតាមការចុះផ្សាយរបស់ការសែតអង់គ្លេស Daily Mail បានឱ្យដឹងថា ពេលវេលារបស់អ្នកចាត់ការទូទៅលោក Phillip Cocu នៅឯក្លឹប Derby County កំពុងឈានដល់ទីបញ្ចប់ ហើយប្រសិនបើលទ្ធផលនៅតែបន្តអាក្រក់ក្នុងជំនួបទល់នឹងក្រុម Nottingham Forest នៅព្រឹកថ្ងៃសុក្រនេះ អាចមើលឃើញគាត់នឹងត្រូវបណ្តេញចេញពីតំណែងតែម្ដង។
អតីតកីឡាករក្រុមបិសាចក្រហម Manchester United ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ Rooney ទំនងជាត្រូវបានគេតែងតាំងឱ្យទៅស្នងតំណែងរបស់លោក Cocu ក្នុងនាមជាគ្រូបង្វឹកក្រុមនៅលីគលំដាប់ទី២ បើទោះបីជា Rooney មិនទាន់បានបញ្ចប់ថ្នាក់គ្រូបង្វឹកកម្រិត UEFA ក៏ដោយ៕
ដោយ៖ វិទូ