ដើមឈើធំៗអាយុកាលរាប់រយឆ្នាំ ដែលបង្កហានិភ័យដល់ប្រាសាទបន្ទាយស្រី ត្រូវបានកាត់ហូតចេញ

15214
  • ដើមឈើអាយុកាលរាប់រយឆ្នាំ ដែលកំពុងបង្កហានិភ័យខ្ពស់ក្នុងបរិវេណប្រាសាទបន្ទាយស្រី ត្រូវបានអាជ្ញាធរជាតិអប្សរាកាត់ដកហូតចេញហើយ។ នេះបើយោងតាមការបញ្ជាក់នៅលើផេកផ្លូវការរបស់អាជ្ញាធរជាតិអប្បរាជាតិ។

    បើតាមកាបញ្ជាក់របស់អាជ្ញាធរអប្សរាជាតិបានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តការងារកាត់ដកហូតដើមឈើទាលមួយដើម ដែលមានមុខកាត់១០០ស.ម និងកំពស់ប្រហែល៤០ម៉ែត្រ ដុះជាប់នឹងកំពែងខាងត្បូងក្នុងប្រាសាទបន្ទាយស្រី មានលក្ខណៈទ្រេតខ្លាំងទៅលើកំពែង និងថ្មចម្លាក់ សណ្ឋានដីជ្រាយ និងមានប្រព័ន្ធឫសខ្សោយ។ ដោយសារទីតាំងដើមឈើនោះកៀកនឹងប្រាសាទ និងមានកម្ពស់ខ្ពស់ផង មិនអំណោយផលដល់រថយន្តស្ទូចដើម្បីចូលទៅកាត់ ដែលតម្រូវឲ្យក្រុមការងារត្រូវប្រើប្រាស់រន្ទាដែកជំនួសវិញ ជាហេតុត្រូវប្រើពេលវេលាយូរបន្តិចក្នុងការដំឡើង ប៉ុន្តែផ្តល់សុវត្ថិភាពខ្ពស់ចំពោះប្រាសាទផង និងមនុស្សផង។
    លើសពីនេះ ក្រុមមន្ត្រីជំនាញក៏បានសិក្សាពីហានិភ័យដើមឈើផ្សេងទៀត ស្ថិតក្នុងនិងក្រៅបរិវេណប្រាសាទបន្ទាយស្រី ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រាសាទ និងមនុស្ស និងបានរៀបចំជាផែនទីហានិភ័យដើមឈើរួចហើយ ដែលក្នុងនោះមានដើមឈើសរុបចំនួន៥០ដើម ដោយចែកចេញជា៣កម្រិតហានិភ័យគឺ៖ ហានិភ័យខ្លាំងមានចំនួន១០ដើម (ត្រូវកាត់ដកហូតចេញ) ហានិភ័យមធ្យមចំនួន៣០ដើម(កាត់ក្រីមែកខ្លះ) និងហានិភ័យខ្សោយចំនួន១០ដើម(កាត់ក្រីមែកខ្លះ)។

    ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា នឹងដាក់ជូនសុំយោបល់ពីអ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC-Angkor) ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍បន្តទៀត ដើម្បីការងារនេះអនុវត្តបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

    ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី