ក្រុមហ៊ុនធំៗចំនួន៦ បានបោះទុនវិនិយោគក្នុងកញ្ចប់ទឹកប្រាក់ជិត ៤០០លានដុល្លារ នៅកម្ពុជា

327235
  • ក្រុមហ៊ុនយក្សចំនួន ៦ផ្សេងគ្នា បានបោះទុនវិនិយោគសរុបចំនួនជិត ៤០០លានដុល្លារ លើទឹកដីព្រះរាជាណាចក្រកម្ពុជា និងបានបង្កើតឱកាសការងារជូនពលរដ្ឋខ្មែររាប់ពាន់កន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
    តាមការបញ្ជាក់បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
    ១-LUENTEC TEXTILE SOLUTIONS CO., LTD គម្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ពដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិក្រាំងទ្រា សង្កាត់ព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦៨កន្លែង។
    ២-LECROWN SHOES INDUSTRY CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ២២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤,២៤៣កន្លែង។
    ៣-C.F.C GARMENT PTY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មវៀលស៊ុន អគារ B ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៧២កន្លែង។
    ៤-ODDORMEANCHEY POWER INDUSTRIAL CO., LTD គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥ មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាមក្នុង និងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានទុនវិនិយោគចំនួន ២៩៤,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។
    ៥-ODM POWER LINE COMPANY LIMITED គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត ដែលមាន ទីតាំងវិនិយោគស្ថិតនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ៦១,៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៩កន្លែង។
    ៦-SUNENERGY TECHNOLOY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅបុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦,៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី