
ខ្សែប្រយុទ្ធ Paco Alcacer បានចូលរួមជាមួយក្លឹបយក្សរបស់អាល្លឺម៉ង់ Borussia Dortmund សម្រាប់មួយរដូវកាល ២០២៨/១៩ នេះជាផ្លូវការក្នុងលក្ខខ័ណ្ឌខ្ចីជើង ។ ក្លឹបយក្សរបស់អាល្លឺម៉ង់មួយនេះនឹងត្រូវបង់ប្រាក់ចំនួន ២ លានអឺរ៉ូ ហើយនឹងមានជម្រើសទិញផ្ដាច់ជាមួយតម្លៃ ២៣ លានអឺរ៉ូ បូកជាមួយនឹង ៥ លានអឺរ៉ូ ។
បើតាមសេចក្ដីថ្លែងការណ៍ជាផ្លូវការនៅលើវេបសាយរបស់ក្លឹប FC Barcalona ដោយបានសរសេសរថា៖ “ក្លិប FC Barcelona និង Borussia Dortmund បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការខ្ចីជើងកីឡាករ Paco Alcacer សម្រាប់រដូវកាល ២០១៨/១៩ នេះ” ។ ក្រុមយក្សនៃក្របខ័ណ្ឌ Bundesliga មួយនេះនឹងចំណាយប្រាក់ ២ លានអឺរ៉ូសម្រាប់កិច្ចសន្យារយៈពេលយូរនេះ។
បើតាមបានរបាយការណ៍នៅតំបន់ Catalans បានឲ្យដឹងថា ក្លឹបរបស់អាល្លឺម៉ង់មួយនេះមានជម្រើសទិញផ្ដាច់តែម្ដងជាមួយតម្លៃ ២៣ លានអឺរ៉ូ បូកជាមួយនឹងការប្រាក់ចំនួន ៥ លានអឺរ៉ូ ។ ប្រសិនបើក្លឹប Barcelona យល់ស្របនឹងការផ្តល់ជូនដ៏មានសក្តានុពលនេះពួកគេក៏នឹងទទួលបានប្រាក់រង្វាន់ ៥% សម្រាប់ការលក់នាពេលអនាគតរបស់កីឡាករផងដែរ ។ កីឡាករសញ្ជាតិអេស្ប៉ាញ Paco Alcacer រូបនេះបានចូលរួមជាមួយក្លឹប Barcelona ពីក្លិប Valencia កាលពីឆ្នាំ ២០១៦ ដោយស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ក្នុងបង្ហាញខ្លួន ៥០ ប្រកួត ដែលជាការប្រកួតទាំងអស់របស់ខ្លួនសម្រាប់ក្លិបនៅតំបន់កាតាឡានមួយនេះ ៕
ដោយ៖តារា