
ក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់ចំនួន៣ផ្សេងគ្នា បានបោះទុនវិនិយោគលើទឹកដីព្រះរាជាណាចក្រកម្ពុជា បង្កើតឱកាសការងារជូនពលរដ្ឋរាប់រយកន្លែង។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
តាមការបញ្ជាក់បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-ក្រុមហ៊ុន Southeast Asia Paint Chemical Industry Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតថ្នាំលាប កាវទឹក និងសារធាតុរំលាយ,មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥០០ពាន់ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០កន្លែង។
២-ក្រុមហ៊ុន Ying Hai Coating (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារទោចក្រយាន ទឹកថ្នាំ បោះពុម្ភតែម និងសម្ភារ:វេចខ្ចប់, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ១,៩៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣០កន្លែង។
៣-ក្រុមហ៊ុន Flying Feather (Cambodia) Wood Industry Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតស៊ុមទ្វារ គ្រឿងបំណែកគ្រឿងសង្ហារឹម និងសម្ភារ:តុបតែងធ្វើពីឈើ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង៕
ដោយ៖ សំណាង