
គោលដៅទេសចរណ៍ថ្មីៗនឹងបង្កើតឡើង ដើម្បីទាក់ទាញទេសចរអន្តរជាតិមកកាន់សៀមរាប-អង្គរឱ្យបាន ៧លាននាក់ នៅឆ្នាំ២០៣៥។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្រោយកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២០ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានលើកឡើងថា គោលដៅទេសចរណ៍ថ្មីចំនួន ៤ ធំៗបន្ថែមទៀតលើគោលដៅទេសចរណ៍ ២ ដែលមានស្រាប់ អាចនឹងត្រូវបានបង្កើតឡើង ក្នុងនោះរួមមានតំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។ លោករដ្ឋមន្ត្រីបន្តសង្កត់ធ្ងន់ថា ចំពោះការបង្កើតទីក្រុងសៀមរាបថ្មីនេះ គឺក្នុងគោលបំណងដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ទំនើបខ្ពស់ៗ ឬសំណង់ដែលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌។
ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចក្ខុវិស័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនខេត្តសៀមរាបឱ្យបាន ៧លាននាក់នៅឆ្នាំ២០៣៥ ដោយនឹងបង្កើការងារផ្ទាល់ប្រមាណ ៩០ម៉ឺននាក់ រួមជាមួយការទទួលបានប្រាក់ចំណូលប្រមាណ ៥ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានោះ។ ដើម្បីសម្រេចចក្ខុវិស័យនេះ ទីក្រុងសៀមរាបបច្ចុប្បន្នមិនអាចទ្រទ្រង់បានគ្រប់គ្រាន់ឡើយ គឺចាំបាច់ត្រូវបង្កើតឱ្យមានទីក្រុងថ្មីមួយទៀត។ លើសពីនេះលោករដ្ឋមន្ត្រីទេសចរណ៍ បានបញ្ជាក់ទៀតថា ទីក្រុងថ្មីនេះត្រូវតែរៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) ប៉ុន្តែប្លង់គោលទីក្រុងទាំងមូលអាចនឹងត្រូវសិក្សារចនាឡើងតាមទម្រង់បុរាណខ្មែរ។ ចំណែកឯទីតាំងសម្រាប់ទីក្រុងសៀមរាបថ្មីនេះ ត្រូវបានលោករដ្ឋមន្ត្រីបង្ហើបឱ្យដឹងថា គឺត្រូវស្ថិតនៅក្រៅពីតំបន់ការពាររបស់អាជ្ញាធរជាតិអប្សារា៕
ដោយ៖ ស្រស់