
លោក Thomas Tuchel បានបង្ហើបប្រាប់ក្រោយចប់ការប្រកួតថា Neymar អាចនឹងខកខានការប្រកួតអោយក្រុម Paris Saint-Germain នាពេលខាងមុខបន្ទាប់ពីបានបញ្ចប់ការប្រកួតនៅ Champions League ។ គូសបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិប្រេស៊ីល Neymar ត្រូវបានប្តូរចេញភ្លាមៗនិងជំនួសដោយកីឡាករ Pablo Sarabia នៅនាទីទី២៦ កាលលពីថ្ងៃពុធនេះនៅពេលប៉ះជាមួយក្រុម Istanbul Basaksehir ក្នុងលទ្ធផលជ័យជំនះ 2-0 ។ លោក Thomas Tuchel បានបន្ថែមទៀតថា៖ “ពេលកំពុលប្រកួត Neymar មានអារម្មណ៍ថាភ្លៅខាងឆ្វេងរបស់គាត់មិនស្រួល ដូចនេះយើងត្រូវបង្ខំចិត្តឱ្យកីឡាករ Pablo Sarabia លេងជំនួសវិញ”។
ក្រុម PSG នឹងមានការប្រកួតចំនួន៣ ក្នុងរយះពេល១០ថ្ងៃខាងមុខនេះគឺនឹងប៉ះជាមួយក្រុមNantes, ក្រុមRennes និងក្រុមRB Leipzig មុនឈានដល់ការប្រកួតអន្តរជាតិនាពេលខាងមុខ។ លោក Tuchel បានប្រាប់ RMC Sport ថា៖ “ឥឡូវយើងត្រូវរង់ចាំការធ្វើរោគវិនិច្ឆ័យពីបញ្ហានេះ ទោះបីវាមិនមែនជាការឈឺចាប់ធ្ងន់ធ្ងរក៏ដោយប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នទើបល្អ”។
នៅក្នុងការប្រកួតនេះទោះបីជាមានការប្តូរចេញកីឡាករ Neymar នៅដើមការប្រកួតក៏ដោយ ក៏ក្រុម PSG អាចទទួលបានជ័យជម្នះក្នុងលទ្ធផង ២-០ ដោយថ្វីជើងកីឡាករ Moise Kean នៅតង់ទី២បានផងដែរ។ លោកបន្ថែមទៀតថា៖ “យើងបានឈ្នះ – នោះជាអ្វីដែលយើងចង់បាន ហើយយើងនឹងខិតខំបន្ថែមទៀតដើម្បីក្រុមយើងទាំងមូល”៕
ដោយ៖ សុភា