
លោក Jose Mourinho ជឿជាក់ថា Tottenham Hotspur ត្រូវតែទទួលយក Gareth Bale ទោះមិនដូចកាលពីមុនក៏ដោយ ហើយលោកអះអាងថា Real Madrid សំណាងណាស់ដែលទទួលបានតារាស្លាបឆ្វេងពីក្លិបយក្សអង់គ្លេសកាលពី ៧ ឆ្នាំមុន។ លោក Mourinho បានប្រាប់ពីស្ថានភាពរបស់កីឡាករវេលស៍រូបនេះ ទៅនឹង Lionel Messi និង Cristiano Ronaldo ដែលបានធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងនូវទម្រង់លេងរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលនៅតែបង្ហាញពីភាពខ្លាំងរបស់ខ្លួន។ លោក Mourinho សង្ឃឹមថា Bale អាចបន្ថែមជាច្រើនដល់ Tottenham ផងដែរ ប៉ុន្តែនៅអាយុ ៣១ ឆ្នាំវាប្រហែលជាមិនអាចដូចគ្នាកាលពី ៧ឆ្នាំមុននោះទេ។
នៅពេលត្រូវបានសួរបន្ទាប់ពីការប្រកួតថាតើក្រុមរបស់គាត់សម្រាប់ជួបក្រុម Brighton នឹងមានរូបរាងយ៉ាងម៉េច នោះលោក Mourinho បាននិយាយថា៖ “តើអ្នកចង់ឱ្យខ្ញុំចាប់ផ្តើមជាមួយក្រុមដូចយប់នេះទេ? អ្នកគឺជាបុរសឆ្លាតម្នាក់អ្នកដឹងចម្លើយរបស់ខ្ញុំ”។
នៅពេលនិយាយអំពីបញ្ហារបស់ Bale ដែលបានស៊ុតពីរគ្រាប់មិនចំគោលដៅ កាលពីជំនួបជាមួយ Antwerp លោក Mourinho បាននិយាយថា៖ “ខ្ញុំនិយាយម្តងទៀតថា ៧ ឆ្នាំគឺជាគំលាតដ៏វែងមួយ។ តើកីឡាករមួយណានៅលើពិភពលោកគឺដូចគ្នានឹងគាត់កាលពី ៧ ឆ្នាំមុន? ពេលខ្លះពួកគេគ្រាន់តែជាកីឡាករផ្សេងគ្នា។ អ្នកមើលឧទាហរណ៍ទៅនឹង Ronaldo និង Messi ហើយប្រៀបធៀបវាទៅនឹងកាលពី ៧ ឆ្នាំមុន។ ខ្ញុំគិតថាវាកើតឡើងជាមួយកីឡាករភាគច្រើន។ ជាការពិតគាត់ជាកីឡាករផ្សេង”៕
ដោយ៖ តារា