ក្រោយប្រយុទ្ធឈ្នះកូវីដ និងស៊ុតបាន២គ្រាប់ភ្លាមៗ Ronaldo ផ្ដាំទៅគូប្រជែងថា Cristiano មកវិញហើយ

54175
  • កីឡាករ Cristiano Ronaldo បានបញ្ជាក់ថា គាត់មានអារម្មណ៍ថាមានសុខភាពល្អបន្ទាប់ពីបានប្រយុទ្ធឈ្នះមេរោគដ៏កាចសាហាវកូវីដ-១៩ ហើយបានប្រកាសថា “Cristiano ត្រលប់មកវិញហើយ” ។ តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus ខកខានការប្រកួតជាច្រើនរួមទាំងការប្រកួត Champions League ជាមួយក្រុម Barcelona បន្ទាប់ពីធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ អំឡុងពេលសម្រាកអន្តរជាតិ។ Juve បានចាញ់ការប្រកួតក្រោមថ្វីជើង Barcelona ប៉ុន្តែការវិលត្រឡប់របស់តារាព័រទុយហ្កាល់រូបនេះបានដឹកនាំក្រុមជើងឯកអ៊ីតាលីឆ្ពោះទៅរកជ័យជម្នះលើ Spezia កាលពីថ្ងៃអាទិត្យ។ Ronaldo រកបានគ្រាប់ទី២ និងទី៣ ក្នុងជ័យជម្នះ ៤-១ របស់សេះបង្កង់ ដោយប្ដូរចូលនៅនាទីទី៥៦ មុនពេលស៊ុតបញ្ចូលទីមួយគ្រាប់នៅ ៣នាទីក្រោយមក។ ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះបានបន្ថែមគ្រាប់បាល់មួយគ្រាប់ទៀតនៅនាទីទី ៧៦ ខណៈដែលកីឡាករ Alvaro Morata និងកីឡាករ Adrian Rabiot បានរកគ្រាប់បាល់បញ្ចូលទីម្នាក់មួយគ្រាប់។ ក្រោយខកខានបង្ហាញមួយរយៈធំ Ronaldo សប្បាយចិត្តណាស់ដែលបានត្រលប់មកទីលានវិញ ខណៈដែលគាត់បានប្រកាសថាគាត់បានត្រឡប់មកវិញជាផ្លូវការ ហើយត្រៀមខ្លួនជួយ Juventus ប្រជែងពាននៅរដូវកាល២០២០/២០២១។ Ronaldo បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “ខ្ញុំបានឈរជើង។ ខ្ញុំគ្មានរោគសញ្ញាអ្វីទេ ហើយខ្ញុំមានអារម្មណ៍ល្អ។ ថ្ងៃនេះខ្ញុំបានត្រលប់ទៅធ្វើអ្វីដែលខ្ញុំចូលចិត្តគឺលេងបាល់ទាត់។ ក្របខ័ណ្ឌ Serie A គឺជាលីគប្រកួតប្រជែងមួយ។ ក្រុម AC Milan កំពុងបំពេញការងារបានយ៉ាងល្អក៏ដូចជា Lazio និង Napoli ។ យើងត្រូវខំប្រឹងធ្វើការ ប៉ុន្តែយើងកំពុងតែរីកចម្រើន”។ Ronaldo បានបន្ថែមទៀតថា៖ “Cristiano ត្រលប់មកវិញហើយនេះគឺជារឿងសំខាន់បំផុត”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី