
សត្វស្វាកន្ទុយស ដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក តែមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់អង្គការ WCS កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។
អង្គការ WCS បានបញ្ជាក់ឱ្យដឹងថា សត្វស្វាកន្ទុយស នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា មានចំនួនរហូតដល់ ៦.៧៥៦ក្បាល ក្រុមវាមានចំនួនថេរក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ខណៈសត្វស្វាកន្ទុយស លើពិភពលោកមាននិន្នាការថយចុះគួរឱ្យព្រួយបារម្ភ។ ជារឿយៗវាចូលចិត្តរស់នៅជាក្រុមតាមដើមឈើខ្ពស់ៗ នៅក្នុងព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ វារស់នៅជាក្រុមដែលមានចំនួនរហូតដល់ជាង ១០ក្បាល ដោយមានបា មេ និងកូន ជួនកាលក្រុមរបស់វាមានច្រើនរហូតដល់៣០ក្បាលឯណោះ។
គួរជម្រាបជូនថា សត្វស្វាកន្ទុយស ស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ ។ សត្វស្វាប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (CR) ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក និងត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីឧបសម្ព័ន១ នៃអនុសញ្ញា CITIES។ ចំនួនស្វាកន្ទុយស មានការថយចុះ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់៕
ដោយ៖ ស្រស់