
ក្នុងរយៈពេលបុណ្យឈប់សម្រាកចំនួន៤ថ្ងៃកន្លងមកនេះ មានភ្ញៀវចេញដើរលេងកម្សាន្តនៅទូទាំងប្រទេសប្រមាណជាង ៦៤ម៉ឺននាក់ ខណៈការចាយវាយមានការថយចុះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។ តាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងរយៈពេល៤ថ្ងៃ នាឱកាសឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៦៤៤,៦៩៨ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ប៉ុន្តែការចំណាយការថមថយជាងមុនជាងឆ្នាំមុន។ លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកនោះ ភ្ញៀវជាតិមានចំនួនប្រមាណ ៦៣៥,៥៦៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួនប្រមាណ ៩,១៣០ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តសៀមរាប៖ ១៦៧,២២៥ នាក់, ខេត្តកំពត៖ ៧៣,៥៩២ នាក់, ខេត្តព្រះសីហនុ៖ ៥៤,៤០០ នាក់, ខេត្តកណ្តាល៖ ៥១,៨៦២ នាក់, ខេត្តកំពង់ស្ពឺ៖ ៤៣,២៤៤ នាក់, ខេត្តកែប៖ ៣៨,៥៥៨ នាក់, ខេត្តកោះកុង៖ ២៨,២៧៥ នាក់ និងខេត្តមណ្ឌលគិរី៖ ២២,០២៣ នាក់។
ក្នុងឱកាសបុណ្យអុំទូកនៅឆ្នាំនេះ ចំពោះការចំណាយ តាមការវាយតម្លៃបឋមរបស់ក្រសួងទេសចរណ៍ ការចំណាយរបស់ភ្ញៀវទេសចរមានកម្រិត ដោយសារពួកគាត់មួយចំនួនជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ និងរៀបចំម្ហូបអាហារតាមខ្លួនខ្លះ ខណៈដែលចំណូលមិនសូវមានច្រើនក្នុងដំណាក់កាលកូវីដ-១៩នេះ៕
ដោយ៖ បូណា