
គ្រូបង្វឹកបារាំងលោក Zinedine Zidane បាននិយាយថា អនាគតរបស់លោកមិនអាស្រ័យទៅលើជំនួបជាមួយក្រុមយក្សអ៊ីតាលី Inter Milan នៅក្នុងការប្រកួតនៃក្របខណ្ឌ UEFA Champions League នោះទេ។ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយក្រុម Inter Milan លោក Zidane បានលើកឡើងថា៖ “កាលពីឆ្នាំមុនយើងមិនបានឈ្នះពានរង្វាន់ Champions League ទេ ប៉ុន្តែយើងតែងតែប្រាថ្នាចង់បានវា។ ខ្ញុំមិនមានការងឿងឆ្ងល់ថាវាស្ថិតនៅក្នុងក្បាលរបស់ខ្ញុំនិងកីឡាករនោះទេ។ វានឹងមានភាពស្មុគស្មាញ ហើយយើងត្រូវតែតស៊ូជាច្រើន។ យើងនឹងប្រយុទ្ធដើម្បីព្យាយាម។ ខ្ញុំមិនគិតថាអនាគតរបស់ខ្ញុំពឹងផ្អែកលើការប្រកួតថ្ងៃស្អែកនោះទេ ខ្ញុំគិតវិជ្ជមាន”។
គ្រូបង្វឹកបារាំងខាងលើបន្តទៀតថា៖ “អ្វីដែលនៅសេសសល់គឺជៀសមិនរួចទេ។ អ្វីដែលយើងអាចធ្វើបានគឺរៀបចំការប្រកួតឱ្យបានល្អ ហើយផ្តល់ឱ្យយើងនូវថ្ងៃស្អែក។ ខ្ញុំគិតថាបាល់ទាត់ជាទូទៅមានភាពស៊ីសង្វាក់គ្នាគ្រប់ក្រុមទាំងអស់ មិនមានក្រុមតូចទេ។ បាល់ទាត់កាន់តែលំបាកទៅៗ និងស្រស់ស្អាត ហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចផ្តួលគ្នាបានក្នុងបាល់ទាត់ថ្ងៃនេះ”។
Real Madrid ចាប់ផ្តើមបានយ៉ាងល្អនៅរដូវកាលនេះ ហើយជាមួយនឹងការឈ្នះលើក្រុម Barcelona និង Huesca បានធ្វើឱ្យក្រុមរបស់លោក Zidane ឈរនៅកំពូលតារាងនៃក្របខណ្ឌ La Liga បើទោះបីជា Real មិនទាន់ឈ្នះការប្រកួតនៅក្នុងក្របខ័ណ្ឌ Champions League ខណៈជំនួបជាមួយក្រុម Inter នឹងក្លាយជាឱកាសដ៏ល្អមួយដើម្បីដណ្តើមបានបីពិន្ទុ៕
ដោយ៖ តារា