
ប្រធានក្លិបបណ្តោះអាសន្នលោក Carles Tusquets បាននិយាយថាកីឡាករ Lionel Messi នឹងមិនត្រូវបានផ្តល់ការប៉ះប៉ូវពិសេសនោះទេនៅពេលដែលក្រុម Barcelona ព្យាយាមចរចាការកាត់បន្ថយប្រាក់ខែដើម្បីជួយក្លិបនេះតាមរយៈវិបត្ដិនៃមេរោគកូវីដ-១៩។ លោក Tusquets បានព្រមានថាវិធានការបែបនេះ គឺចាំបាច់ដោយសារតែការខាតបង់ហិរញ្ញវត្ថុដែលក្លឹបបានទទួលរងក្នុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ បច្ចុប្បន្នក្រុម Barcelona កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាភិបាលបណ្តោះអាសន្ន បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Josep Maria Bartomeu ហើយលោក Tusquets សង្ឃឹមថាការបោះឆ្នោតថ្មីអាចនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងពេលបុណ្យណូអែល។
ប្រធានក្លិប Barca បណ្ដោះអាសន្នបានលើកឡើងថា៖ “ខ្ញុំគិតថាយើងអាចឈានដល់កិច្ចព្រមព្រៀងមួយ។ ខ្ញុំហាក់ដូចជាមានឆន្ទៈក្នុងការធ្វើដូច្នេះ។ យើងមិនចង់យកលុយពីអ្នកណាម្នាក់ទេ ប៉ុន្តែដើម្បីកែសម្រួលប្រាក់ខែ ដូច្នេះយើងអាចបង់ឱ្យពួកគេនៅពេលដែលអាចធ្វើទៅបាន នេះគឺជាដំណោះស្រាយដែលយើងគិតថាជាលទ្ធភាពដែលអាចទទួលយកបានបំផុត។ យើងមិនអាចធ្វើប៉ះប៉ូវសម្រាប់តែ Messi ទេ”។
លោកបន្តទៀតថា៖ “យើងអាចបង្កើតរចនាសម្ព័ន្ធផ្សេងៗគ្នាសម្រាប់ករណីស្រដៀងគ្នា ប៉ុន្តែយើងមិនអាចបង្កើតកិច្ចព្រមព្រៀងសម្រាប់បុគ្គលម្នាក់ៗបានទេ។ យើងមានបំណងដោះស្រាយបញ្ហាជាមួយបុគ្គលិកនិងនិយោជិកទាំងអស់ ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធានាថាអ្នករាល់គ្នាពេញចិត្ត។ អាស្រ័យលើប្រាក់ដែលមានយើងដឹងថាប្រាក់ចំណូលរបស់យើងនឹងធ្លាក់ចុះប្រហែល ៣០០ លានផោន ប្រសិនបើយើងមិនអាចបើកពហុកីឡដ្ឋានបាន។ ទោះបីជាយើងអាចធ្វើបានក៏ដោយ វានឹងមិនត្រូវបានបើកនៅរដូវកាលនេះទេ”៕
ដោយ៖ វិទូ