
ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជា កាន់តែច្រើនមានការងារសមរម្យប្រកបដោយផលិតភាព ទទួលបានប្រយោជន៍ពីសេវាគាំពារសង្គម ដោយតម្លាភាព និងសមធម៌។ នេះបើយោងតាមប្រសាសន៍រដ្ឋមន្ត្រីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងនៅក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្តីពីការត្រួតពិនិត្យប្រចាំឆ្នាំលើ “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣” ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ផ្ដោតការយកចិត្តទុកដាក់លើគោលដៅអាទិភាពសំខាន់ៗចំនួន ៣ រួមមាន ១-ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើនទទួលបានការងារសមរម្យប្រកបដោយផលិតភាព ដោយសារការកើនឡើងនូវពិពិធកម្មសេដ្ឋកិច្ច ផលិតភាព ភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ២-ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើន មានការងារធ្វើប្រកបដោយសុខភាព និងសុវត្ថិភាព និងទទួលបានប្រយោជន៍ពីសេវាគាំពារសង្គម ប្រកបដោយចីរភាព តម្លាភាព និងសមធម៌ និង៣-សំវាទសង្គម ទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ត្រូវបានធ្វើឱ្យប្រសើរឡើង ស្របទៅតាមបទដ្ឋានអន្តរជាតិខាងការងារ រាប់បញ្ចូលទាំងសម្រាប់ពលករទេសន្តរប្រវេសន៍។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៀតថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ទន្ទឹមនឹងបញ្ហាប្រឈមដែលយើងជួយប្រទះ ក៏យើងបានដកស្រង់នូវបទពិសោធន៍ ក៏ដូចជាស្វែងរកឃើញនូវកាលានុវត្តន៍ថ្មី។ ផ្អែកលើយុទ្ធសាស្រ្តនេះ និងគោលនយោបាយមួយចំនួនទៀត ក្រសួងបានយកធ្វើជាមូលដ្ឋានក្នុងជំរុញអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ដើម្បីសម្រេចឱ្យបានគោលដៅអាទិភាពទាំង៥ រួមមាន៖ ១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ២-ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ៣-ការរក្សា និងបង្កើនមុខរបរ និងការងារនៅក្នុងនិងក្រៅប្រទេស ៤-ការអភិវឌ្ឍរបបសន្តិសុខសង្គម និង៥-ការពង្រឹងសេវាគាំទ្រទូទៅ។ គួររម្លឹកថា ប្រទេសកម្ពុជាបានអនុវត្តកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាបានចំនួន៥ ដំណាក់កាលមកហើយ គឺលើកទី១ សម្រាប់ឆ្នាំ២០០៥-២០០៧, លើកទី២ សម្រាប់ឆ្នាំ២០០៨-២០១០, លើកទី៣ សម្រាប់ឆ្នាំ២០១១-២០១៥, លើកទី៤ សម្រាប់ឆ្នាំ២០១៦-២០១៨ និងលើកទី៥សម្រាប់ឆ្នាំ២០១៩-២០២៣៕
ដោយ៖ សំណាង