
ស្ថិតនៅក្នុងតំណាក់កាលចាញ់ធ្លាក់ៗ គឺក្រុមនីមួយៗ មានការប្រឹងប្រែងយ៉ាង ខ្លាំង ក្នុងនោះគឺក្រុមទាំងអស់ត្រូវប្រកួតពីរជើងដោយក្រុមណាចំណេញគ្រាប់បាល់បានច្រើនជាងគឺក្រុមនោះមានសិទ្ធឆ្លងទៅវគ្គបន្តគឺវគ្គមួយភាគបួន ក្រៅពីចំណេញគ្រាប់បាល់ហើយគឺ FIFA បានគិតតាមរូបមន្តគ្រាប់បាល់ក្រៅដី (Away goal) ដោយក្រុមណាស៊ុតចូលគ្រាប់បាល់ក្រៅដីច្រើនជាងជាអ្នកឈ្នះ ទោះជាមានចំនួនគ្រាប់បាល់ស្មើគ្នាក៏ដោយ។
តោះ! មកដឹងត្រួសៗពីក្រុមដែលត្រូវប្រកួតក្នុងថ្ងៃនៃសេចក្តីស្រឡាញ់យប់នេះវេលាម៉ោង ២និង៤៥នាទីរំលងអធ្រាត ដោយសាតែពួកគេជាប់ភារកិច្ចក្នុងសង្គ្រាមលើវាលស្មៅពណ៌បៃតងមួយនេះធ្វើឲ្យពួកគេមិនបានទៅជួបជុំក្រុមគ្រួសារក៏ដូចជាមិត្តភ័ក្រនៅក្នុងថ្ងៃ Valentine’s day នេះឡើយ។ ថាតើក្រុមណាអាចពាំនាំយកជ័យជំនះជាកាដូទៅជូនក្រុមគ្រួសាររបស់ពួកគេបានក្នុងរាត្រីនេះ?
១. Real Madrid ត្រូវបើកទ្វាកីឡដ្ឋាន Bernabeu របស់ខ្លួនទទួលភ្ញៀវដែលកំពុងឡើងជើងខ្លាំងបំផុតហើយក៏ជាក្លិបអ្នកមានដែលហ៊ានចំណាយទឹកប្រាក់មហាសាលដើម្បីទិញកីឡាករថ្លៃៗបំផុតលើលោកយកមកពង្រឹងក្រុម ដោយមានមហិច្ចតាចង់ឈ្នះពានរង្វាន់កំពូលទ្វិបអឺរ៉ុបមួយនេះ។ បច្ចុប្បន្ន អធិរាជពណ៌ស គឺស្ថិតនៅចំណាត់ថ្នាក់លេខ៤ ក្នុង លីគកំពូលអេស្ប៉ាញ (Laliga) ដោយមាន ៤២ពិន្ទុក្នុងដៃ ក្នុង ២២ប្រកួត ឈ្នះ១២ ស្មើ៦ ចាញ់៤ ស៊ុតបាន ៥០គ្រាប់ គេស៊ុតចូលវិញ ២៣គ្រាប់ អ្នករកគ្រាប់បាល់បានច្រើនជាងគេគឺ CR7 ដោយស៊ុតបាន ១១គ្រាប់។
ក្លិបដែលមានមូលដ្ឋាននៅរាជធានី ម៉ាឌ្រីតនេះចាប់ផ្តើមរដូវកាលថ្មីដូចជាមិនសូវបានល្អសោះ ដោយបានត្រឹមចំណាត់ថ្នាក់លេខ៤ នៅក្នុងលីគ ហើយធ្លាក់ចេញពីពានរង្វាន់ Copa Del Rey ដោយក្រុមពាក់់កណ្តាលតារាងយ៉ាងគួឲ្យភ្ញាក់ផ្អើល។ ថាតើក្រុមដែលការពារដំណែង ជើងឯកលីគកំពូលអឺរ៉ុប ២ឆ្នាំជាប់គ្នានេះអាចធ្វើបានល្អប៉ុណ្ណានៅរាត្រីនេះ? ព្រោះថា Real គឺជាក្រុមមួយដែលឈ្នះពាន UCL នេះបានច្រើនជាងគេ ពោលគឺរហូតដល់ ១២ដងឯណោះដោយមិនមានក្រុមណាអាចធ្វើបានឡើយ។
២. Paris Saint Germain ក្រុមអ្នកមានរបស់បារាំងនៅត្រូវធ្វើតំណើរទៅសួសុខទុក្ខក្រុម Real។ ក្នុងតួនាទីជាក្រុមភ្ញៀវ Paris ក៏មិនមានអ្វីព្រួយបារម្មណ៍ជាដុំកំភួនដែរ ព្រោះក្រុមដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនេះគឺឡើងជើងខ្លាំង មែនទែនទាំងប្រកួតក្នុងលីគនឹងប្រកួតជាលក្ខណៈអន្តរជាតិ ជាពិសេសកាលពីប្រកួតជម្រុះតាមពូល UCL គឺ PSG មិនស្គាល់ពាក្យថាចាញ់ឡើយ។ ឈនៅចំណាត់ថ្នាក់កំពូលនៅក្នុងលីគរបស់បារាំង នឹងវ៉ាដាច់ពិន្ទុក្រុមលេខពីររហូតដល់ទៅ ១២ ពិន្ទុ។ បច្ចុប្បន្ន PSG គឺស្ថិតនៅចំណាត់ថ្នាក់លេខ១ ដោយមាន ៦៥ពិន្ទុក្នុងដៃ ក្នុង ២៥ប្រកួត ឈ្នះ២១ ស្មើ២ ចាញ់២ ស៊ុតបាន ៧៦គ្រាប់ គេស៊ុតចូលវិញ ១៧គ្រាប់។ ចាប់តាំងពីទិញ Neymar Jr និង Mbappe បន្ថែមពីលើ Cavani មកធ្វើឲ្យ តំបន់ប្រយុទ្ធរបស់ខ្លួនកាន់តែមុតស្រួចថែមទៀតដោយមិនមានក្រុមកំពូលណាមួយនៅតំបន់អឺរ៉ុបហ៊ានមើលស្រាលឡើយ។ កំពូលខ្សែរប្រយុទ្ធទាំងបីបានប្រកៀកស្មាគ្នាស៊ុតបញ្ចូលទីឲ្យក្លិបអ្នកមានមួយនេះបាន ៤៨គ្រាប់ហើយនៅក្នុង League 1 បារាំងនេះ។
សម្រាប់ជើងកីឡាករដូចជាមានបញ្ហាអ្វីឡើយសម្រាប់ក្រុមភ្ញៀវគឺពេញជើងល្អតែម្តង តែសម្រាប់ក្រុមម្ចាស់ផ្ទះវិញគឺមានបញ្ហា ច្រើនគួរសម ដោយ Cavajal ជាប់បំរាមមិនបានចូលប្រកួតឡើយ ចំពោះ BBC វិញគឺមិនដឹងថាអាចដឹកដៃគ្នាប្រទុយ្ធបានដែរ ឬទេគឺនៅស្រពិចស្រពិលនៅឡើយ។
ចំពោះប្រវត្តិជួបគ្នាវិញនៅ ៥ប្រកួតចុងក្រោយក្រុម Real ឈ្នះ ៣ដង Paris ឈ្នះ ១ដង នឹងស្មើគ្នា ១ដង ចំនុចសំខាន់គឺ ស្តេចស មិនដែលស៊ី PSG លើសពី ១គ្រាប់ទោះជាក្នុងដីខ្លួនឯងក៏ដោយ តែសម្រាប់ការប្រកួតចុងក្រោយបំផុតជាការប្រកួតមិត្តភាពអន្តរជាតិគឺ ប៉ារីសបានធ្វើស៊ី សេ្តចស រហូតដល់ ៣ទល់និង១។ ថាតើរាត្រីនេះ PSG អាចធ្វើស៊ី Real បានទៀតដែរ ឬ ទេ? តើលោក Zidane មានយុទ្ធសាស្រ្ថអ្វីអាចបិទ កំពូលខ្សែរប្រយុទ្ធទាំងបីរបស់លោក Emery បាន? អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតគឺ គ្រូបង្វឹករបស់ក្រុមបារាំងគឺជនជាតិអេស្ប៉ាញ រីឯគ្រូបង្វឹករបស់ក្រុមអេស្ប៉ាញគឺបែជាជនជាតិបារាំងទៅវិញ។ តើពួកគាត់ដឹងច្បាស់អ្វីខ្លះអំពីក្រុមដៃគូរបស់ពួកគាត់ដែលជាក្រុមជាតិសាសន៍របសល់ខ្លួន? ដូច្នេះមានតែចាំតាមដានទាំងអស់គ្នាណានៅរាត្រីនេះ។
តើលោកអ្នកគិតថាក្រុមណាទទូលបានជ័យជំនះនៅក្នុងរាត្រីនេះ?
ដោយ៖ តារា