Reguilon បង្ហើបថា Spurs បានបង្កើតកន្លែងលេងកូនហ្គោលពិសេសនៅកន្លែងហ្វឹកហាត់ សម្រាប់ Bale

21023

Sergio Reguilon បានអះអាងថា ក្លិប Tottenham Hotspur បានប្រាប់គាត់ថា ពួកគេបានបង្កើតកន្លែងលេងកូនហ្គោលពិសេសនៅឯកន្លែងហ្វឹកហាត់របស់ពួកគេ ជាពិសេសសម្រាប់ Gareth Bale បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធឆ្នើមរូបនេះពី Real Madrid ។ Spurs បានចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបឆ្វេងអន្តរជាតិវែល នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅដោយ Bale បានវិលត្រលប់ទៅភាគខាងជើងទីក្រុងឡុងដ៍ពី Real Madrid ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាល បន្ទាប់ពីបានឈ្នះពានរង្វាន់ជាច្រើនក្នុងអំឡុងពេលរបស់គាត់នៅឯ Bernabeu ។  អតីតខ្សែបម្រើស្លាបរបស់ក្លិប Southampton បានតស៊ូយ៉ាងលំបាកជាមួយបញ្ហារបួស និងប្រជែងជម្រើសដំបូងក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយរបស់គាត់ជាមួយក្រុមស្ដេចស ដោយមិនបានទទួលការពេញចិត្តពីគ្រូបង្វឹក Zinedine Zidane ដែលនេះនាំឱ្យមានសំណួរចោទសួរអំពីអនាគតរបស់គាត់ក្នុងកម្រិតខ្ពស់បំផុត។ ជាមួយគ្នានេះ មិត្តរួមក្រុមនៅ Real និងបច្ចុប្បន្នជាសមាជិក Spurs កីឡាករ Reguilon បាននិយាយពីការមកដល់របស់ Bale ក្នុងក្លិបនៅអង់គ្លេស។    Reguilon បានរៀបរាប់ថា៖ “គាត់ (Bale) ហាក់ដូចជាខុសគ្នាចំពោះខ្ញុំ។ ភាសាគឺជាអ្វីគ្រប់យ៉ាងសម្រាប់គាត់។ គាត់និយាយភាសាអេស្ប៉ាញបានល្អ វាមិនអាក្រក់ទេ ហើយដូចខ្ញុំក្នុងភាសាអង់គ្លេសដែរ។ ប៉ុន្តែការប្រាស្រ័យទាក់ទង ទម្លាប់ មានន័យថាគាត់សប្បាយចិត្តជាងនៅអង់គ្លេស … ខ្ញុំមិនដឹងថាគាត់នឹងវិលត្រឡប់ (ទៅម៉ាឌ្រីដ) វិញទេ។ អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលបំផុតគឺនៅទីលានហ្វឹកហាត់របស់ Spurs គឺមានរន្ធវាយកូនហ្គោល។ ខ្ញុំបានសួរអំពីវា ហើយពួកគេបានប្រាប់ខ្ញុំថាពួកគេត្រូវបានគេដាក់នៅទីនោះសម្រាប់គាត់។ ពួកវាជាប្រហោងខ្លីប្រហែលជា ៣០ ម៉ែត្រ។ ខ្ញុំស្ទើមិនគួរឱ្យជឿទេ!”៕   ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី